ឥណ្ឌូនេស៊ី ៖ ប្រទេសឥណ្ឌូនេស៊ីបានរារាំងក្រុមហ៊ុន Apple មិនឱ្យលក់ iPhone 16 នៅក្នុងប្រទេសនេះ ប៉ុន្តែនៅតែអនុញ្ញាតឱ្យអ្នកធ្វើដំណើរនាំយកវាមកប្រើប្រាស់ផ្ទាល់ខ្លួនបាន។
ក្រសួងឧស្សាហកម្មបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី ២៥ ខែតុលាឆ្នាំ២០២៤ថា iPhone 16 ដែលចេញលក់ក្នុងខែកញ្ញា មិនត្រូវបានអនុញ្ញាតសម្រាប់លក់ក្នុងស្រុកទេ ដោយសារតែក្រុមហ៊ុន PT Apple Indonesia មិនទាន់បានបំពេញតម្រូវការរបស់ប្រទេសនូវមាតិកាក្នុងស្រុក ៤០% សម្រាប់ស្មាតហ្វូន និងថេប្លេត ។ នេះបើយោងតាមសារព័ត៌មាន Bloomberg ។
យោងតាមវេបសាយ Jakarta Globe បានឲ្យដឹងថា «អ្នកធ្វើដំណើរម្នាក់ៗអាចនាំយក iPhone 16 ចំនួនពីរគ្រឿងទៅកាន់ប្រទេសឥណ្ឌូនេស៊ី»។
ទិន្នន័យពីក្រសួងបង្ហាញថា នៅចន្លោះខែសីហា និងខែតុលា ទូរសព្ទ iPhone 16 ប្រហែល ៩.០០០ គ្រឿងត្រូវបាននាំយកទៅប្រទេសឥណ្ឌូនេស៊ីជារបស់ផ្ទាល់ខ្លួនជាមួយនឹងពន្ធដែលបានបង់។
រដ្ឋមន្ត្រីឧស្សាហកម្មលោក Agus Gumiwang Kartasasmita បានលើកឡើងកាលពីថ្ងៃទី ២២ ខែតុលាថា Apple មិនទាន់បានបំពេញការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការវិនិយោគ ១,៧ ទ្រីលានរូពៀ (១០៨ លានដុល្លារអាមេរិក) នៅក្នុងប្រទេសឥណ្ឌូនេស៊ី ដើម្បីទទួលបានអាជ្ញាប័ណ្ណសម្រាប់ការលក់ក្នុងស្រុកនោះទេ។ រហូតមកដល់ពេលនេះ Apple បានវិនិយោគចំនួន ១,៥ ទ្រីលានរូពៀ។
ប៉ុន្តែផលិតផលចាស់ៗរបស់ Apple នៅតែអាចលក់បាននៅក្នុងប្រទេសឥណ្ឌូនេស៊ីធម្មតា ៕(ប្រែសម្រួលដោយលោកសំណាង)