ភ្នំពេញ ៖ បុរសម្នាក់ស្លាប់ និងរបួស២នាក់ទៀតរងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តកុងតឺន័របុកកិនម៉ូតូអូសជាច្រើនម៉ែត្រ កើតឡើងកាលពីវេលាម៉ោង២និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ស្ថិតនៅតាមបណ្តោយផ្លូវភ្នំពេញ-ហាណូយ កែងផ្លូវលេខ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងមានបុរស៣នាក់ ជិះម៉ូតូ១គ្រឿងឌុបគ្នា ដោយធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៩៨៦ ទិសដៅពីលិចទៅកើត ,លុះមកដល់ចំណុចស្តុបផ្សារដីហុយ ក៏ស្រាប់តែមានរថយន្តកុងតឺន័រ១គ្រឿងមិនចាំស្លាកលេខ បានបើកបរតាមបណ្តោយផ្លូវភ្នំពេញ-ហាណូយ មកដល់ចំណុចកើតហេតុក៏បានបុកម៉ូតូចំពេញទំហឹងខ្ទាតមនុស្ស៣នាក់ចេញពីម៉ូតូ បណ្តាលឱ្យបុរសម្នាក់ស្លាប់ និង២នាក់ទៀតរងរបួសធ្ងន់ ។
ប្រភពបានបន្តថា ក្រោយបង្កហេតុកុងតឺន័រមិនព្រមឈប់ដោះស្រាយនោះទេ បានបន្តបើកទៅមុខអូសទាំងម៉ូតូរបស់ជនរងគ្រោះនៅជាប់ផ្នែកខាងមុខជាប់ក្រោមរថយន្តជាច្រើនម៉ែត្រ ។ លុះអ្នកដេញតាមបន្តជិះដេញតាមដល់ស្តុបឱកាសខ្ញុំ ស្ថិតក្នុងសង្កាត់ឃ្មួញ រថយន្តបានបត់ទៅទិសខាងលិច ដោយរថយន្តបើកលឿន ដោយសារអ្នកឃើញហេតុការណ៍ជិះម៉ូតូតាមមិនទាន់រថយន្តបង្កគេចបាត់ ។
សពបុរសដែលស្លាប់ត្រូវបានសមត្ថកិច្ចចុះមកដល់ទីតាំងកើតហេតុ និងស្វែងទាក់ទងទៅកាន់ក្រុមគ្រួសារ ដើម្បីទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកបុរសរងគ្រោះ២នាក់ទៀត បានហៅម៉ូតូកង់បី ជិះទៅព្យាបាលរបួសដោយខ្លួនឯង។ជនរងគ្រោះទាំង៣នាក់ មិនទាន់គេស្គាល់ អត្ថសញ្ញាណនៅឡើយទេ ៕(ដោយ សំណាង)