អ៊ីស្រាអែលវាយប្រហារអ៊ីរ៉ង់ទាំងព្រឹក និងព្រមានវាយធ្ងន់ដៃ បើហ៊ានតែសងសឹកវិញ

បរទេស ៖ អ៊ីស្រាអែល​បាន​ចេញ​ឱសានវាទ​យ៉ាង​ម៉ឺងម៉ាត់​ដល់​អ៊ីរ៉ង់ ប្រសិនបើ​ប្រទេស​នេះ​សម្រេចចិត្ត​សងសឹក​ចំពោះ​ការ​វាយ​ប្រហារ​តាម​អាកាស​របស់​ខ្លួន​លើ​ក្រុង​តេហេរ៉ង់​នៅ​ព្រឹក​ថ្ងៃ​សៅរ៍នេះ។

អ៊ីស្រាអែលបានវាយប្រហារអ៊ីរ៉ង់ជាមួយនឹងការវាយប្រហារចំនួនបីវគ្គ ដោយផ្តោតលើ «កន្លែងផលិតមីស៊ីល»ដែលខ្លួនអះអាងថា ត្រូវបានប្រើដើម្បីផលិតមីស៊ីលដែលអ៊ីរ៉ង់បានបាញ់ទៅលើប្រទេសជ្វីហ្វមួយនេះកាលពីថ្ងៃទី ១ ខែតុលាឆ្នាំ២០២៤។

IDF បានប្រកាសថា ខ្លួនក៏បានវាយប្រហារលើ «ជើងទម្រមីស៊ីលពីដីទៅអាកាស និងសមត្ថភាពលើអាកាសដទៃទៀតរបស់អ៊ីរ៉ង់ផងដែរ ដែលមានបំណងដាក់កម្រិតសេរីភាពក្នុងប្រតិបត្តិការដែនអាកាសរបស់អ៊ីស្រាអែលនៅក្នុងប្រទេសអ៊ីរ៉ង់»។

ឧត្តមនាវីទោ Daniel Hagari បានព្រមាននៅក្នុងវីដេអូដែលបានបង្ហោះទៅកាន់ X​​ ថា ប៉ុន្តែ​ប្រសិនបើ​មន្ត្រី​អ៊ីរ៉ង់​ចង់​វាយបក​វិញ អ៊ីស្រាអែល​នឹង​ត្រូវ​មាន​កាតព្វកិច្ច​ឆ្លើយតបហើយ។

លោកបាននិយាយថា «សាររបស់យើងគឺច្បាស់ណាស់: អស់លោកដែលគំរាមរដ្ឋអ៊ីស្រាអែលនិងស្វែងរកការអូសទាញតំបន់នេះចូលទៅក្នុងសង្គ្រាមកាន់តែធំ នឹងត្រូវបង់នូវតម្លៃយ៉ាងធ្ងន់ធ្ងរ។ យើងសូមបង្ហាញនៅថ្ងៃនេះថា យើងមានសមត្ថភាព និងការតាំងចិត្តដើម្បីធ្វើសកម្មភាពយ៉ាងម៉ឺងម៉ាត់ ហើយយើងបានត្រៀមទាំងការវាយលុក និងការការពារដើម្បីការពាររដ្ឋអ៊ីស្រាអែល និងប្រជាជនអ៊ីស្រាអែល»។

កងកម្លាំង IDF បានប្រកាសមុននេះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ខ្លួនកំពុងធ្វើការវាយប្រហារយ៉ាងជាក់លាក់ទៅលើគោលដៅយោធាក្នុងទីក្រុងតេហេរ៉ង់ ដើម្បីឆ្លើយតបទៅនឹងអ្វីដែលខ្លួនហៅថា «ការវាយប្រហារជាបន្តបន្ទាប់ពីរបបនៅអ៊ីរ៉ង់ប្រឆាំងនឹងអ៊ីស្រាអែល»។

ប៉ុន្មានម៉ោងក្រោយមក យោធាអ៊ីស្រាអែលបានប្រកាសថា ខ្លួនបានបញ្ចប់ការវាយប្រហាររបស់ខ្លួនលើរដ្ឋធានីអ៊ីរ៉ង់ហើយ ដោយនិយាយថា «យន្តហោះរបស់យើងបានត្រឡប់ទៅស្រុកវិញដោយសុវត្ថិភាព។ ការវាយប្រហារសងសឹកត្រូវបានបញ្ចប់ ហើយបេសកកម្មត្រូវបានបំពេញ»។

យោងតាមកាសែត New York Times ការវាយប្រហារនេះបានវាយចំទីតាំង២០កន្លែង។

ក្រោយមកមន្ត្រីអ៊ីរ៉ង់បាននិយាយថា ការវាយប្រហារទាំងនោះបានបង្កការខូចខាត «តិចតួចប៉ុណ្ណោះ»ដោយអះអាងថា«ការវាយប្រហារត្រូវបានស្ទាក់ចាប់ និងប្រឆាំងដោយជោគជ័យ» ដោយ «ប្រព័ន្ធការពារដែនអាកាសរួមបញ្ចូលគ្នា» របស់អ៊ីរ៉ង់ ។នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់ខ្លួន IRNA បានរាយការណ៍។

ទីស្នាក់ការកណ្តាលការពារដែនអាកាសជាតិអ៊ីរ៉ង់បាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលគឺជា«ការវាយប្រហារបង្ករឿង»ប៉ុន្តែមិនបាននិយាយអំពីការឆ្លើយតបដែលអាចកើតមាននោះទេ ដោយគ្រាន់តែនិយាយថា «វិសាលភាពនៃឧបទ្ទវហេតុនេះកំពុងស្ថិតនៅក្រោមការស៊ើបអង្កេត»៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *