បរទេស ៖ ភ្នាក់ងារស៊ើបការណ៍សម្ងាត់អ៊ុយក្រែនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលាឆ្នាំ២០២៤ថាអង្គភាពកូរ៉េខាងជើងដំបូងគេដែលបង្វឹកនៅក្នុងប្រទេសរុស្ស៊ីត្រូវបានដាក់ពង្រាយនៅក្នុងតំបន់ Kursk ជាតំបន់ព្រំដែនរុស្ស៊ីដែលកងកម្លាំងអ៊ុយក្រែនបានធ្វើការលុកលុយទ្រង់ទ្រាយធំកាលពីខែសីហា។
វិមានក្រឹមឡាំងមុននេះបានច្រានចោលរបាយការណ៍អំពីការដាក់ពង្រាយទ័ពរបស់កូរ៉េខាងជើងថាជា «ព័ត៌មានក្លែងក្លាយ»។ ប៉ុន្តែប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា «វាជារឿងរបស់រដ្ឋាភិបាលក្រុងមូស្គូក្នុងការអនុវត្តសន្ធិសញ្ញាភាពជាដៃគូជាមួយរដ្ឋាភិបាលក្រុងព្យុងយ៉ាង»។ លោកពូទីនមិនបានបដិសេធថា ទាហានកូរ៉េខាងជើងបច្ចុប្បន្នកំពុងស្ថិតនៅក្នុងប្រទេសរុស្ស៊ីនោះទេ។
ទីភ្នាក់ងារចារកម្មអ៊ុយក្រែននិយាយថា «អង្គភាពដំបូងនៃយោធាពីកូរ៉េខាងជើងដែលបានហ្វឹកហាត់នៅទីលានហ្វឹកហាត់ភាគខាងកើតរុស្ស៊ី បានមកដល់តំបន់ប្រយុទ្ធនៃសង្រ្គាមរុស្ស៊ី-អ៊ុយក្រែនរួចហើយ។ ជាពិសេសនៅថ្ងៃទី ២៣ខែតុលា ឆ្នាំ២០២៤ វត្តមានរបស់ពួកគេត្រូវបានកត់ត្រានៅក្នុងតំបន់ Kursk»។
ទីភ្នាក់ងារនេះនិយាយទៀតថា ទាហានកូរ៉េខាងជើងសរុបប្រហែល ១២.០០០ នាក់ រួមទាំងមន្រ្តី ៥០០ នាក់ និងឧត្តមសេនីយ៍បីនាក់បានស្ថិតនៅក្នុងប្រទេសរុស្ស៊ីរួចហើយ ហើយការបណ្តុះបណ្តាលកំពុងធ្វើឡើងនៅមូលដ្ឋានយោធាចំនួនប្រាំ។
ទីភ្នាក់ងារនេះបាននិយាយថា អនុរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Yunus-Bek Yevkurov ត្រូវបានតែងតាំងជាអ្នកទទួលខុសត្រូវសម្រាប់ត្រួតពិនិត្យការបង្វឹកយោធាកូរ៉េខាងជើង។
កន្លងមកអ៊ុយក្រែនបានអំពាវនាវឱ្យសម្ព័ន្ធមិត្តរបស់ខ្លួនឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះការជាប់ពាក់ព័ន្ធរបស់កូរ៉េខាងជើងនៅក្នុងសង្គ្រាម ដោយការដាក់ទណ្ឌកម្មថ្មី និងការធ្វើឱ្យរដ្ឋាភិបាលក្រុងព្យុងយ៉ាងកាន់តែឯកោបន្ថែមទៀត៕(ប្រែសម្រួលដោយ លោកសំណាង)