អាមេរិកនិយាយថា «ឥឡូវជាពេលត្រូវបញ្ចប់សង្គ្រាមហ្គាហ្សា»

បរទេស ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយកាលពីថ្ងៃពុធ ទី២៣ តុលាឆ្នាំ២០២៤ថា«ឥឡូវជាពេលត្រូវបញ្ចប់សង្គ្រាមនៅតំបន់ហ្គាហ្សាហើយ ហើយជំរុញអ៊ីស្រាអែលឱ្យជៀសវាងការបង្កើនកម្តៅជាមួយអ៊ីរ៉ង់»។

អ៊ីស្រាអែល​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​ហាម៉ាស​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​នៅ​តំបន់​ហ្គាហ្សា និង​ក្រុម​ហេសប៊ូឡា​ក្នុង​ប្រទេស​លីបង់ ហើយ​បាន​ប្តេជ្ញា​សងសឹក​អ៊ីរ៉ង់​ចំពោះ​ការ​វាយ​ប្រហារ​ដោយ​មីស៊ីល​ថ្ងៃ​ទី ១ តុលាកន្លងទៅ។

នៅភាគខាងត្បូងប្រទេសលីបង់ ការវាយប្រហាររបស់អ៊ីស្រាអែលបានវាយចំទីក្រុង Tyre ដោយបណ្តាលឲ្យភាគកណ្តាលខ្ទេចខ្ទាំ និងបង្កឱ្យមានការចាកចេញថ្មីពីទីក្រុងឆ្នេរសមុទ្រដែលធ្លាប់តែរស់រវើក។

អ្នកស្រុកឈ្មោះ Rana ដែលបានភៀសខ្លួនទៅកាន់មាត់សមុទ្របន្ទាប់ពីយោធាអ៊ីស្រាអែលបានចេញការព្រមានឲ្យជម្លៀសខ្លួនចេញ បាននិយាយថា «ទីក្រុងទាំងមូលបានញ័ររង្គើ»។

លោក Bilal Kashmar នៃអង្គភាពគ្រប់គ្រងគ្រោះមហន្តរាយរបស់ទីក្រុង Tyre បាននិយាយថា អគារចំនួនប្រាំពីរបានរាបដល់ដី និងផ្ទះល្វែងជាង ៤០០ បានខូចខាត។

លោកបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា «អ្នកអាចនិយាយបានថាប្រជាជននៅទីក្រុង Tire ទាំងមូលត្រូវបានជម្លៀសចេញ។ ផ្សែងខ្មៅឃើញហុយចេញពីសង្កាត់ជាច្រើន ដោយតំបន់ខ្លះស្ថិតនៅចម្ងាយត្រឹមតែ ៥០០ ម៉ែត្រពីប្រាសាទបុរាណរបស់ទីក្រុង»។

អង្គការយូណេស្កូបាននិយាយថា ខ្លួនកំពុង «តាមដានយ៉ាងដិតដល់»ផលប៉ះពាល់នៃជម្លោះលើតំបន់បេតិកភណ្ឌពិភពលោករបស់ទីក្រុង Tyre៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *