វៀតណាម ៖ ព្យុះត្រូពិច Trami ដែលលេចឡើងនៅក្បែរឆ្នេរហ្វីលីពីន រំពឹងចូលមកដល់សមុទ្រខាងកើត (សមុទ្រចិនខាងត្បូង) នៅថ្ងៃព្រហស្បតិ៍ទី២៤ កញ្ញា ឆ្នាំ២០២៤ ដោយឆ្ពោះទៅកាន់ភាគកណ្តាលប្រទេសវៀតណាម។
មជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករណ៍ឧតុនិយមបាននិយាយថា គិតត្រឹមថ្ងៃអង្គារ ព្យុះនេះកំពុងស្ថិតនៅលើសមុទ្រនៅភាគខាងកើតនៃភាគកណ្តាលប្រទេសហ្វីលីពីនជាមួយនឹងល្បឿនខ្យល់អតិបរមា ៧៤ គីឡូម៉ែត្រក្នុងមួយម៉ោង។ផ្លាស់ទីក្នុងទិសដៅភាគពាយព្យក្នុងល្បឿន ១៥-២០ គីឡូម៉ែត្រក្នុងមួយម៉ោង ព្យុះ Trami នឹងរក្សាទិសដៅរបស់វាថេរក្នុងរយៈពេល ២៤ ម៉ោងបន្ទាប់។
នៅត្រឹមម៉ោង ១ រសៀល ថ្ងៃពុធនេះ ព្យុះ Trami ត្រូវគេរំពឹងថា នឹងស្ថិតនៅលើសមុទ្រភាគខាងកើតនៃកោះ Luzon ប្រទេសហ្វីលីពីន ដែលវានឹងថយចុះមកនៅត្រឹមប្រហែល ១៥ គីឡូម៉ែត្រក្នុងមួយម៉ោង។ ព្យុះនេះនឹងបន្តដំណើរឆ្ពោះទៅទិសខាងលិច និងពាយ័ព្យ ដោយទៅដល់ឆ្នេរភាគខាងកើតនៃទីក្រុង Luzon នៅរសៀលថ្ងៃព្រហស្បតិ៍។ គេរំពឹងថាវា នឹងបង្កើនល្បឿនម្តងទៀតដល់ ២០ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយចូលទៅក្នុងសមុទ្រខាងកើតនៅល្ងាចថ្ងៃព្រហស្បតិ៍។
ទីភ្នាក់ងារឧតុនិយមជប៉ុនព្យាករណ៍ថា ព្យុះ Trami នឹងកាន់តែខ្លាំងឡើង ឈានដល់ល្បឿនខ្យល់រហូតដល់ ១០៨គីឡូម៉ែត្រក្នុងមួយម៉ោង នៅពេលចូលដល់សមុទ្រខាងកើត ដែលគេស្គាល់ជាអន្តរជាតិថា សមុទ្រចិនខាងត្បូង។ ក្រុមសង្កេតការណ៍ហុងកុងបានបន្ទរតាមការព្យាករណ៍នេះ ដោយបង្ហាញថា «ព្យុះទីហ្វុងនេះនឹងពង្រឹងពីដំបូងទី មុនពេលថមថយកម្លាំងបន្តិចម្តងៗ នៅពេលវាខិតជិតភាគកណ្តាលប្រទេសវៀតណាម»។
ក្នុងការត្រៀមខ្លួនបង្ការ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទកាលពីថ្ងៃអង្គារបានណែនាំអាជ្ញាធរតំបន់ឆ្នេរពី Quang Ninh ដល់ Binh Dinh តាមដានយ៉ាងដិតដល់នូវផ្លូវរបស់ព្យុះ Trami។ ក្រសួងក៏បានជំរុញឱ្យកងកម្លាំងវាយតម្លៃតំបន់ដែលងាយនឹងមានទឹកជំនន់ និងការបាក់ដីផងដែរ៕(ប្រែសម្រួលដោយ លោកសំណាង)