អ៊ីស្រាអែល ៖ កងទ័ពអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃចន្ទ ទី២១ ខែតុលាឆ្នាំ២០២៤ថា មេបញ្ជាការចុងក្រោយបង្អស់ដែលទទួលខុសត្រូវក្នុងការផ្តល់មូលនិធិដល់ក្រុមហេសប៊ូឡាលីបង់ត្រូវបាន «កម្ទេច»នៅក្នុងប្រទេសស៊ីរី។
អ្នកនាំពាក្យកងទ័ព លោកឧត្តមនាវីទោ Daniel Hagari បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «បុរសដែលមិនត្រូវបានបញ្ចេញឈ្មោះនោះ បានដឹកនាំអង្គភាពលេខ ៤៤០០ របស់ពួកហេសប៊ូឡាដែលគាំទ្រដោយអ៊ីរ៉ង់ ដែលទទួលខុសត្រូវលើការផ្ទេរ និងចំនួនថវិកាបញ្ជូនទៅកាន់ក្រុមនេះតាមរយៈការលក់ប្រេងរបស់រដ្ឋាភិបាលក្រុងតេហេរ៉ង់»។
លោកDaniel Hagari បានបន្ថែមថា មេបញ្ជាការរូបនេះត្រូវបានកម្ចាត់នៅក្នុងប្រទេសស៊ីរី «ប៉ុន្មានម៉ោងមុននេះ»។អង្គភាពនេះត្រូវបានដឹកនាំដោយលោក Mohammed Jafar Ksir ដែលត្រូវគេស្គាល់ថា Sheikh Salah ។
លោកបាននិយាយថា «គាត់ជាអ្នកគ្រប់គ្រងប្រភពចំណូលសំខាន់របស់អង្គការភេរវករនេះអស់រយៈពេលជាច្រើនឆ្នាំរហូតដល់យើងកម្ចាត់គាត់នៅក្នុងការវាយប្រហារគោលដៅនៅលើរដ្ឋធានីបៃរូតនៅដើមខែតុលា»។
កាលពីព្រឹកថ្ងៃចន្ទ ក្រសួងការពារជាតិស៊ីរីបានប្រកាសពីការស្លាប់មនុស្សពីរនាក់នៅក្នុងការវាយប្រហារដែលសន្មតថាជារបស់អ៊ីស្រាអែល និងបានកំណត់គោលដៅលើរថយន្តក្នុងទីក្រុងដាម៉ាស់។
ក្រុមសង្កេតការណ៍សិទ្ធិមនុស្សស៊ីរីបានរាយការណ៍ថា ការវាយប្រហារមួយបានកំណត់គោលដៅបុរសមិនមែនជាជនជាតិស៊ីរីដែលកំពុងបើករថយន្តរបស់គាត់នៅក្នុងសង្កាត់មួយ ត្រង់កន្លែងដែលត្រូវគេធ្វើស្តូបរំលឹកវិញ្ញាណក្ខន្ធសម្រាប់មេដឹកនាំក្រុមហាម៉ាស់ Yahya Sinwar ដែលត្រូវបានសម្លាប់ដោយអ៊ីស្រាអែលកាលពីសប្តាហ៍មុននៅតំបន់ហ្គាហ្សា។
អង្គភាព ៤៤០០ ត្រូវបានចោទប្រកាន់ពីបទដឹកជញ្ជូនប្រេងអ៊ីរ៉ង់ទៅកាន់ប្រទេសស៊ីរី ដែលបន្ទាប់មកត្រូវបានលក់នៅក្នុងប្រទេសលីបង់៕(ប្រែសម្រួលដោយ លោកសំណាង)