ទីស្នាក់ការបក្សកាន់អំណាចជប៉ុនរងការវាយប្រហារ ខណៈការបោះឆ្នោតសភាខិតជិតមកដល់

ជប៉ុន ៖ ទូរទស្សន៍​សាធារណៈ NHK និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជប៉ុន​ផ្សេងទៀត​បាន​រាយការណ៍ថា «បុរស​ម្នាក់​បាន​គប់​ដបសាំង​ជាច្រើន​ចូល​ទីស្នាក់ការ​គណបក្ស​កាន់អំណាច​របស់​ជប៉ុន ​ក្នុង​ទីក្រុង​តូក្យូ​កាលពី​ថ្ងៃ​សៅរ៍ ទី១៩ តុលាឆ្នាំ២០២៤។មិន​មាន​របាយការណ៍​ពី​អ្នករបួស​ទេ។

ប៉ូលិសក្រុងតូក្យូបានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ដោយកត់សម្គាល់ថារឿងនេះកំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ។ សេចក្តីរាយការណ៍​បាន​បន្ត​ថា បុរស​ដែល​ត្រូវ​ចាប់ខ្លួន​នៅ​នឹង​កន្លែង​នោះ បាន​បើក​រថយន្ត​ចូល​ទៅ​ក្បែររបង។ ចេតនា​របស់គាត់​ចំពោះ​ការ​វាយប្រហារ​នេះ​មិន​ទាន់​ដឹងច្បាស់​នៅឡើយ​ទេ​។

គណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលកំពុងកាន់អំណាច កាន់តែមិនមានការពេញនិយមពីសំណាក់សាធារណជន ដោយសារតែរឿងអាស្រូវលុយដ៏សន្ធឹកសន្ធាប់ពាក់ព័ន្ធនឹងការផ្តល់មូលនិធិគួរឱ្យសង្ស័យ និងការសង្ស័យថា«មានការគេចវេសពន្ធ»។

គណបក្ស​​ប្រជាធិបតេយ្យសេរី (LDP) បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​ការ​វាយ​ប្រហារ​កាល​ពី​ថ្ងៃ​សៅរ៍ទេ ដោយ​បង្វែរ​សំណួរ​ទាំង​អស់ឱ្យ​ទៅសួរ​ប៉ូលិស។

ការបោះឆ្នោតសម្រាប់សភាជាន់ទាបគ្រោងធ្វើនៅថ្ងៃទី ២៧ ខែតុលាឆ្នាំ២០២៤ខាងមុខ ។ អ្នកនយោបាយមានកេរ្តិ៍ឈ្មោះអសោចមួយចំនួនបានបាត់បង់ការគាំទ្រជាផ្លូវការពីគណបក្សកាន់អំណាច ប៉ុន្តែកំពុងឈរឈ្មោះលក្ខណៈឯករាជ្យ។

គណបក្សទើបជ្រើសរើសមេដឹកនាំថ្មីគឺនាយករដ្ឋមន្ត្រី Shigeru Ishiba ដោយសង្ឃឹមថានឹងបង្ហាញរូបភាពថ្មី។ ប៉ុន្តែការស្ទង់មតិបង្ហាញពីប្រជាប្រិយភាពរបស់ខ្លួនធ្លាក់ចុះ តែយ៉ាងណាបក្សនៅតែមិនច្បាស់ថាតើពួកគេនឹងបាត់បង់កៅអីភាគច្រើនរបស់ពួកគេនៅសភាជាន់ទាបនៅក្នុងការបោះឆ្នោតនាពេលខាងមុខឬយ៉ាងណាទេ ដោយសារតែក្រុមប្រឆាំងនៅតែបែកបាក់គ្នា៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *