បរទេស ៖ សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ២០២៤ បានដាក់ទណ្ឌកម្មក្រុមហ៊ុនចិនចំនួនពីរ និងសាខារបស់រុស្ស៊ីដែលពាក់ព័ន្ធនឹងការផលិត និងចែកចាយដ្រូនប្រយុទ្ធ ហើយបានព្រមានប្រទេសទាំងពីរឱ្យបញ្ឈប់កិច្ចសហប្រតិបត្តិការជំរុញកិច្ចខិតខំប្រឹងប្រែងសង្គ្រាមនៅអ៊ុយក្រែន។
ក្រសួងរតនាគារអាមេរិកបាននិយាយថា ទណ្ឌកម្មថ្មីកំណត់គោលដៅក្រុមហ៊ុនចិន Xiamen Limbach Aircraft Engine Co Ltd ដែលផលិតម៉ាស៊ីនដែលបំពាក់លើដ្រូនចម្ងាយឆ្ងាយ Garpiya របស់រុស្ស៊ី។
វិធានការនេះក៏បានប៉ះពាល់ដល់ក្រុមហ៊ុន Redlepus Vector Industry Shenzhen Co Ltd ដែលមានមូលដ្ឋាននៅប្រទេសចិនសម្រាប់តួនាទីរបស់ខ្លួនក្នុងការចែកចាយដ្រូន និងក្រុមហ៊ុនរុស្ស៊ី។
គេជឿថាដ្រូននេះត្រូវបានប្រើដើម្បីប្រឆាំងនឹងគោលដៅយោធា និងជនស៊ីវិលក្នុងប្រទេសអ៊ុយក្រែន ដោយបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសទាំងជនស៊ីវិល និងយោធា។ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានរាយការណ៍ជាលើកដំបូងកាលពីខែមុនថា ដ្រូនរុស្ស៊ីថ្មីនេះត្រូវបានផលិតឡើងដោយប្រើម៉ាស៊ីន និងគ្រឿងបន្លាស់របស់ចិន។
«ខណៈសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មពីមុនលើអង្គភាពរបស់ [សាធារណៈរដ្ឋប្រជាមានិតចិន] ដែលផ្តល់គ្រឿងបន្លាស់នាំចូលសំខាន់ៗដល់មូលដ្ឋានយោធា-ឧស្សាហកម្មរបស់រុស្ស៊ី ទាំងនេះគឺជាទណ្ឌកម្មដំបូងរបស់សហរដ្ឋអាមេរិកដែលដាក់លើអង្គភាពរបស់ PRC ផ្ទាល់ដែលអភិវឌ្ឍ និងផលិតប្រព័ន្ធសព្វាវុធពេញលេញក្នុងភាពជាដៃគូជាមួយក្រុមហ៊ុនរុស្ស៊ី»។ នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសលោក Matthew Miller។
មន្ត្រីជាន់ខ្ពស់របស់រដ្ឋបាលលោកបៃដិនបាននិយាយថា សកម្មភាពរបស់ក្រុមហ៊ុនចិនគឺផ្ទុយនឹងអ្វីដែលរដ្ឋាភិបាលចិនបាននិយាយជាឯកជនអំពីចេតនារបស់ខ្លួន។
អ្នកនាំពាក្យស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន លោក Liu Pengyu បានលើកឡើងម្តងទៀតនូវការជំទាស់របស់ចិនចំពោះការដាក់ទណ្ឌកម្ម ហើយបាននិយាយថា «ខ្លួនកំពុងដោះស្រាយការនាំចេញផលិតផលយោធាប្រកបដោយការទទួលខុសត្រូវ»។
អ្នកនាំពាក្យនេះនិយាយថា «សហរដ្ឋអាមេរិកធ្វើការចោទប្រកាន់មិនពិតប្រឆាំងនឹងពាណិជ្ជកម្មធម្មតារបស់ចិនជាមួយរុស្ស៊ី ខណៈអាមេរិកវិញតែបន្តផ្តល់ជំនួយយោធាមិនធ្លាប់មានពីមុនមកទៅប្រទេសអ៊ុយក្រែនឥតល្ហែ។ នេះគឺជាស្តង់ដារទ្វេជាធម្មតាទៅហើយ ហើយជាការលាក់ពុតយ៉ាងខ្លាំង និងមិនទទួលខុសត្រូវ»៕(ប្រែសម្រួលដោយ លោកសំណាង)