បរទេស ៖ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានបំផ្លាញទីស្នាក់ការកណ្តាលក្រុង នៅក្នុងទីក្រុងធំមួយនៅភាគខាងត្បូងប្រទេសលីបង់កាលពីថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០២៤ ដោយបានសម្លាប់មនុស្ស ១៦ នាក់រួមទាំងអភិបាលក្រុងនៅក្នុងការវាយប្រហារដ៏ធំបំផុតលើអគាររដ្ឋផ្លូវការរបស់លីបង់ ចាប់តាំងពីយុទ្ធនាការជើងអាកាសរបស់អ៊ីស្រាអែលបានចាប់ផ្តើម។
មន្ត្រីលីបង់បានថ្កោលទោសការវាយប្រហារ ដែលបានបណ្តាលឱ្យមនុស្សជាង ៥០ នាក់បានរងរបួសនៅក្នុងទីក្រុងNabatieh ផងដែរ ដោយនិយាយថា វាជាភស្តុតាងថាយុទ្ធនាការរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមប្រដាប់អាវុធហេសប៊ូឡា ឥឡូវនេះកំពុងបែរទិសទៅរករដ្ឋលីបង់ហើយ។
នាយករដ្ឋមន្ត្រីស្តីទីលីបង់ លោក Najib Mikati បាននិយាយថា ប្រជាជនអ៊ីស្រាអែល «បានកំណត់គោលដៅដោយចេតនាលើកិច្ចប្រជុំក្រុមប្រឹក្សាក្រុង ដើម្បីពិភាក្សាអំពីសេវាកម្ម និងស្ថានភាពសង្គ្រោះរបស់ទីក្រុង»ដើម្បីជួយប្រជាជនដែលផ្លាស់ទីលំនៅដោយការយុទ្ធនាការរបស់អ៊ីស្រាអែល។
បេសកកម្មរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសលីបង់ (UNIFIL) បាននិយាយថា កងរក្សាសន្តិភាពរបស់ខ្លួនបានសង្កេតមើលការបាញ់ពីរថក្រោះអ៊ីស្រាអែល នៅឯប៉មយាមរបស់ពួកគេនៅជិតតំបន់ Kfar Kela ភាគខាងត្បូងប្រទេសលីបង់កាលពីព្រឹកថ្ងៃពុធ។ UNIFIL បាននិយាយថា កាមេរ៉ាពីរគ្រឿងត្រូវបានបំផ្លាញ ហើយប៉មត្រូវបានខូចខាត។ មិនមានការអត្ថាធិប្បាយភ្លាមៗពីយោធាអ៊ីស្រាអែលលើសេចក្តីថ្លែងការណ៍របស់ UNIFIL នោះទេ។
កន្លងមក អ៊ីស្រាអែលបានអំពាវនាវឱ្យអង្គការសហប្រជាជាតិផ្លាស់ទីសមាជិកកងកម្លាំងរក្សាសន្តិភាព UNIFIL នៅភាគខាងត្បូងប្រទេសលីបង់ ចេញពីតំបន់ប្រយុទ្ធ ដើម្បីសុវត្ថិភាពរបស់ពួកគេ។
ចំណែកUNIFIL បាននិយាយថា កងទ័ពរបស់ខ្លួនបានស្ថិតនៅក្រោមការវាយប្រហាររបស់អ៊ីស្រាអែលជាច្រើនដងទោះបីជាអ៊ីស្រាអែលជំទាស់នឹងរឿងនេះក៏ដោយ៕(ប្រែសម្រួលដោយ លោកសំណាង)