សិង្ហបុរី ៖ កាលពីយប់ថ្ងៃអង្គារ ទី ១៥ ខែតុលា ឆ្នាំ២០២៤ កងទ័ពអាកាសនៃសាធារណរដ្ឋសិង្ហបុរី (RSAF) បានចេញយន្តហោះចម្បាំង F-15SG តាមប្រដេញ បន្ទាប់ពីមានការគំរាមបំផ្ទុះគ្រាប់បែកនៅលើយន្តហោះដឹកអ្នកដំណើរ Air India Express ។
រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Ng Eng Hen បាននិយាយនៅក្នុងសារបង្ហោះលើហ្វេសប៊ុកថា «ក្រុមហ៊ុនអាកាសចរណ៍នេះបានទទួលអ៊ីមែលថា មានគ្រាប់បែកនៅលើជើងហោះហើរលេខ AXB684 ដែលធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី»។
យន្តហោះ F-15SG ចំនួនពីរគ្រឿងបានអមដំណើរយន្តហោះដឹកអ្នកដំណើរនេះចេញពីតំបន់ដែលមានប្រជាជនហើយវាបានចុះនៅអាកាសយានដ្ឋាន Changi នៅម៉ោងប្រហែល ១០និង០៤ យប់ យឺតជាងកាលវិភាគចុះចតដើមប្រហែលជាង១ម៉ោង។
លោកបណ្ឌិត Ng បាននិយាយថា «ប្រព័ន្ធការពារអាកាសដែលមានមូលដ្ឋានលើដីរបស់យើង និងក្រុមកម្ចាត់អាវុធជាតិផ្ទុះក៏បានចេញធ្វើសកម្មភាពផងដែរ។ នៅពេលចុះចតលើដីភ្លាម យន្តហោះត្រូវបានប្រគល់ឱ្យប៉ូលិសអាកាសយានដ្ឋាន»ដោយបន្ថែមថា «ការស៊ើបអង្កេតកំពុងបន្ត»។
លោកបន្តថា «អរគុណច្រើនចំពោះការលះបង់ និងវិជ្ជាជីវៈរបស់កងកម្លាំងប្រដាប់អាវុធសិង្ហបុរី និងក្រុមសន្តិសុខមាតុភូមិរបស់យើង ដែលរក្សាយើងឱ្យមានសុវត្ថិភាពនៅក្នុងស្រុករបស់យើង ទោះបីជាមានការគំរាមកំហែងនៅជុំវិញយើងក៏ដោយ»។
ជាការឆ្លើយតបទៅនឹងសំណួររបស់ CNA កងកម្លាំងប៉ូលិសសិង្ហបុរី (SPF) បាននិយាយថា ខ្លួនបានទទួលដំណឹងអំពីការគំរាមកំហែងគ្រាប់បែកនៅម៉ោងប្រហែល ៨និង២៥នាទី យប់។
SPF បាននិយាយថា «យន្តហោះបានចុះចតដោយសុវត្ថិភាពនៅអាកាសយានដ្ឋាន Changi នៅម៉ោងប្រហែល១០និង០៤នាទីយប់ ក្រោមការអមដោយយន្តហោះចម្បាំង RSAF។ តមកទៀតប៉ូលិសបានបញ្ចប់ការត្រួតពិនិត្យសុវត្ថិភាព។ មិនមានវត្ថុគំរាមកំហែងត្រូវបានរកឃើញទេ»។
SPF បន្ថែមថា «ប៉ូលិសយកចិត្តទុកដាក់យ៉ាងខ្លាំងអំពីការគំរាមកំហែងផ្នែកសន្តិសុខ ហើយនឹងមិនស្ទាក់ស្ទើរក្នុងការចាត់វិធានការចំពោះអ្នកដែលបង្កការឆោឡោជាសាធារណៈដោយចេតនា»៕(ប្រែសម្រួលដោយ លោកសំណាង)