អ៊ីស្រាអែល ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃចន្ទ ទី១៤ ខែតុលា ឆ្នាំ២០២៤បានប្តេជ្ញាវាយពួកហេសប៊ូឡាឥតប្រណី ពោលគឺមួយថ្ងៃគត់បន្ទាប់ពីការវាយប្រហារដ៏សាហាវបំផុតរបស់ក្រុមលីបង់គាំទ្រដោយអ៊ីរ៉ង់នេះមកលើអ៊ីស្រាអែល ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមកាលពីចុងខែកញ្ញា។
ការវាយប្រហារដោយដ្រូនរបស់ពួកហេសប៊ូឡាលើមូលដ្ឋានទ័ពអ៊ីស្រាអែលបានសម្លាប់ទាហាន ៤ នាក់កាលពីថ្ងៃអាទិត្យ ខណៈដែលអ្នកជួយសង្គ្រោះស្ម័គ្រចិត្តបាននិយាយថា«មានមនុស្ស ៦០ នាក់ផ្សេងទៀតបានរងរបួស»។
លោក Netanyahu បាននិយាយនៅក្នុងដំណើរទស្សនកិច្ចទៅកាន់មូលដ្ឋានទ័ពនៅជិតទីក្រុង Binyamina ភាគខាងត្បូងទីក្រុង Haifa ថា «យើងនឹងបន្តវាយប្រហារឥតមេត្តាចំពោះពួកហេសប៊ូឡានៅគ្រប់ផ្នែកទាំងអស់នៃប្រទេសលីបង់ រួមទាំងទីក្រុងបៃរូត»។
ពួកហេសប៊ូឡាបាននិយាយថា ខ្លួនបានបើកដំណើរការ «កងដ្រូន»ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ីស្រាអែល រួមទាំងការវាយប្រហារមួយកាលពីសប្តាហ៍មុន ដែលក្រសួងសុខាភិបាលរបស់លីបង់និយាយថា «បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២២ នាក់នៅកណ្តាលទីក្រុងបៃរូត»។
ចាប់តាំងពីអ៊ីស្រាអែលបានបង្កើនការទម្លាក់គ្រាប់បែករបស់ខ្លួនប្រឆាំងនឹងគោលដៅនៅក្នុងប្រទេសលីបង់កាលពីថ្ងៃទី២៣ ខែកញ្ញា សង្រ្គាមបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១.៣១៥ នាក់ ។ នេះបើយោងតាមតួលេខរបស់ AFP ដែលស្រង់ពីក្រសួងសុខាភិបាលលីបង់ បើទោះបីជាចំនួនពិតប្រាកដទំនងជាខ្ពស់ជាងក៏ដោយ៕(ប្រែសម្រួលដោយលោកសំណាង)