ការវាយប្រហារដោយដ្រូនរបស់ហេសប៊ូឡាសម្លាប់មនុស្ស ៤ នាក់ និងបង្ករបួសរាប់សិបនាក់ នៅមូលដ្ឋានទ័ពអ៊ីស្រាអែល

បរទេស ៖ យោធាអ៊ីស្រាអែលបាននិយាយថា ដ្រូនរបស់ហេសប៊ូឡាបានសម្លាប់ទាហានបួននាក់នៅឯមូលដ្ឋានភាគខាងជើងរបស់ខ្លួនកាលពីថ្ងៃអាទិត្យ ទី១៣ តុលា ឆ្នាំ២០២៤ ខណៈអ៊ីស្រាអែលបានពង្រីកការទម្លាក់គ្រាប់បែករបស់ខ្លួននៅក្នុងប្រទេសលីបង់ ហើយកងទ័ពបានប្រយុទ្ធជាមួយពួកសកម្មប្រយុទ្ធឆ្លងព្រំដែន។

ការវាយប្រហារលើជំរំហ្វឹកហ្វឺនយោធានៅទីក្រុង Binyamina ក្បែរទីក្រុង Haifa គឺជាការវាយប្រហារដ៏សាហាវបំផុតលើមូលដ្ឋានអ៊ីស្រាអែលចាប់តាំងពីថ្ងៃទី ២៣ ខែកញ្ញា នៅពេលដែលអ៊ីស្រាអែល បង្កើនការវាយប្រហារលើក្រុមហេសប៊ូឡាក្នុងប្រទេសលីបង់។ សេវាសង្គ្រោះបន្ទាន់បានរាយការណ៍ថា មនុស្សជាង ៦០ នាក់បានរងរបួស។

ជាមួយគ្នានេះដែរ អាជ្ញាធរក្នុងតំបន់ហ្គាហ្សាបាននិយាយថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលកាលពីថ្ងៃអាទិត្យទៅលើសាលារៀនមួយកន្លែង ដែលត្រូវបានប្រើប្រាស់ជាជម្រកសម្រាប់ជនភៀសខ្លួនបានកើនឡើងដល់ ១៥នាក់ រួមទាំងគ្រួសារទាំងមូលផងដែរ។

ខណៈដែលការប្រយុទ្ធគ្នាបានផ្ទុះឡើងរវាងកងកម្លាំងអ៊ីស្រាអែល និងក្រុមហេសប៊ូឡា នៅភាគខាងត្បូងប្រទេសលីបង់ កងរក្សាសន្តិភាពអង្គការសហប្រជាជាតិបាននិយាយថា ពួកគេកំពុងស្ថិតនៅខ្សែត្រៀមប្រយុទ្ធជាថ្មី។

ពួកគេបាននិយាយថា ទាហានអ៊ីស្រាអែល «បានបង្ខំ»ចូលទៅក្នុងទីតាំងរបស់អង្គការសហប្រជាជាតិ ជាមួយនឹងរថក្រោះពីរគ្រឿង បន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានអំពាវនាវឱ្យកងកម្លាំងអ.ស.ប.ដកខ្លួនចេញពីតំបន់នោះ។

យោធា​អ៊ីស្រាអែល​បាន​និយាយ​ថា រថក្រោះ​មួយ​គ្រឿង​បាន​ចូល​ទៅ​ក្នុង​ប៉ុស្តិ៍យាមរបស់អ.ស.ប. ខណៈ​កំពុង​រង​ការ​បាញ់​ប្រហារ៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *