ទារលុយជំពាក់៥ពាន់រៀលទាស់សម្តីគ្នា បុរសស្ត្រី២នាក់វាយគ្នាសល់ដង្ហើមចង្រិត

ភ្នំពេញ​ ៖ មានករណីប្រេីហិង្សាយកអង្រែឈើនិងដុំថ្មវាយគ្នាទៅវិញទៅមកបណ្តាលរងរបួសក្បាលរៀងខ្លួនដោយសារតែរឿងទារលុយជំពាក់៥ពាន់រៀល ​កេីតឡេីងនៅថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២៤ វេលាម៉ោង៦និង​៣០នាទីល្ងាច​ នៅចំណុច ផ្លូវជាតិ៥ ក្រុមទី០៩ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ​ ។ 

សមត្ថកិច្ចនិយាយថា​ ភាគីទី១-ឈ្មោះ ព្រំ សុភ័ក្រ   ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបររត់តុហាង មានទីលំនៅផ្លូវជាតិលេខ៥ ក្រុម៩ ភូមិផ្សារតូច សងា្កត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រងរបួសក្បាលធ្ងន់សម្រាកនៅមន្ទីរពេទ្យកាល់ម៉ែត្រ។

ចំណែកភាគីទី២-ឈ្មោះ រិទ្ធចាន់ណា ភេទស្រី អាយុ៤៤ឆ្នាំ មុខរបរនៅផ្ទះ មានទីលំបន្ទប់ជួល ផ្លូវ៩៩ ភូមិបឹងសាឡាងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រងរបួសចិញ្ចើមខាងឆ្វេងស្រាល ចេញពីមន្ទីរពេទ្យបង្អែកចតុមុខមកប៉ុស្តិ៍ចាត់ការតាមនីតិវិធី។

សមសត្ថកិច្ចបន្តថា នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤វេលាម៉ោង៤ល្ងាច ភាគីទាំងពីរបានមកលេងល្បែងបៀរសុីគូថៃមានគ្នាចំនួន០៣នាក់លេងក្នុងមួយទឹក៥០០រៀល។ លុះនៅវេលាម៉ោង៦និង៣០នាទីល្ងាចដដែលគូភាគីឈ្មោះ រិទ្ធ ចាន់ណា បានទារលុយចំនួនប្រាំពាន់រៀលពីឈ្មោះព្រំ សុភ័ក្រ ដែលជំពាក់ខ្លួន, តែឈ្មោះ ព្រំ សុភ័ក្រ បានឆ្លើយថាពុំមានលុយសងទេក៏កើតទំនាស់ហិង្សាវាយគ្នាទៅវិញទៅមកបណ្តាលរងរបួសក្បាលរៀងៗខ្លួន។ 

ក្រោយមកកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ ជួយអន្តរាគមន៍យកភាគីរងគ្រោះឈ្មោះ រិទ្ធ ចាន់ណា មកកាន់មន្ទីរពេទ្យបង្អែកចតុមុខ,ឯភាគីភាគីរងគ្រោះឈ្មោះ ព្រំ សុភ័ក្រ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យកាល់ម៉ែត ៕(ដោយSAKARA)

Leave a Reply

Your email address will not be published. Required fields are marked *