បរទេស ៖ ក្រុមអ្នកស្រាវជ្រាវបាននិយាយថា វ៉ាក់សាំងដំបូងបង្អស់របស់ពិភពលោកសម្រាប់ជំងឺមហារីកក្រពេញអូវែដ៏ប្រល័យដែលបច្ចុប្បន្នកំពុងត្រូវបានបង្កើតឡើងនៅក្នុងចក្រភពអង់គ្លេស អាច«លុបបំបាត់»ជំងឺដ៏សាហាវនេះបាន។
អ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Oxford កំពុងបង្កើតវ៉ាក់សាំងឈ្មោះ OvarianVax ដែលបង្ហាត់ប្រព័ន្ធភាពស៊ាំឱ្យស្គាល់ និងវាយប្រហារជំងឺមហារីកក្រពេញអូវែនៅដំណាក់កាលដំបូង។
ពួកគេសង្ឃឹមថា វ៉ាក់សាំងនេះអាចផ្តល់ឱ្យស្ត្រីនូវការការពារ ដើម្បីបញ្ឈប់មេរោគកុំឱ្យវិវត្តទៅរកជំងឺ ដែលបានសម្លាប់អ្នកជំងឺ ២/៣ ក្នុងរយៈពេលមួយឆ្នាំនៃការធ្វើរោគវិនិច្ឆ័យឃើញជំងឺនេះ។
អ្នកជំនាញបានណែនាំថា វាអាចដំណើរការតាមរបៀបស្រដៀងគ្នាទៅនឹងវ៉ាក់សាំង HPV ដែលកំពុងស្ថិតនៅលើផ្លូវដើម្បីកម្ចាត់ជំងឺមហារីកមាត់ស្បូន។
មនុស្សប្រហែល ៧.៥០០ នាក់ត្រូវបានធ្វើរោគវិនិច្ឆ័យឃើញមានជំងឺមហារីកក្រពេញអូវែនៅក្នុងចក្រភពអង់គ្លេសជារៀងរាល់ឆ្នាំ ដែលធ្វើឱ្យវាក្លាយជាជំងឺមហារីកទូទៅបំផុតទីប្រាំមួយសម្រាប់ស្ត្រី។
គម្រោងវ៉ាក់សាំង OvarianVax កំពុងត្រូវបានដឹកនាំដោយសាស្រ្តាចារ្យ Ahmed Ahmed ជាអ្នកជំនាញរោគស្ត្រី។
បច្ចុប្បន្នគាត់និងក្រុមរបស់គាត់កំពុងកំណត់គោលដៅកោសិកាមហារីកនេះ ដែលនឹងធ្វើឱ្យវ៉ាក់សាំងដំណើរការ។
នេះពាក់ព័ន្ធនឹងការបង្កើតប្រូតេអ៊ីនមួយណាដែលរកឃើញនៅក្នុងកោសិកាមហារីកដំណាក់កាលដំបូង ដំណើរការល្អបំផុតក្នុងការបង្វឹកប្រព័ន្ធភាពស៊ាំ និងរបៀបដែលវាមានប្រសិទ្ធភាពសម្លាប់មហារីកអូវែនៅក្នុងបន្ទប់ពិសោធន៍។បន្ទាប់ពីដំណាក់កាលនេះ គម្រោងនឹងផ្លាស់ទីទៅការសាកល្បងព្យាបាលមនុស្ស។
ទាំងនេះនឹងត្រូវធ្វើឡើងជាលើកដំបូងសម្រាប់ស្ត្រីដែលមានហ្សែនដែលបង្កើនហានិភ័យនៃការវិវត្តទៅជាមហារីកអូវែបីដងក្នុងមួយជីវិតរបស់ពួកគេ ដូចអ្នកដែលមានមេរោគបំប្លែង BRCA ផងដែរដែលបង្កើនហានិភ័យនៃជំងឺមហារីកសុដន់ដូចជាតារាសម្តែង Angelina Jolie ជាដើម។
បន្ទាប់មក ក្រុមគ្រូពេទ្យនឹងបន្តផ្តល់វ៉ាក់សាំងនេះដល់ស្ត្រីដែលមានសុខភាពល្អ ដែលមានហានិភ័យកើតជំងឺនេះ។
បច្ចុប្បន្ននេះ ស្ត្រីជនជាតិអង់គ្លេសម្នាក់មានឱកាស២ភាគរយក្នុងការវិវត្តទៅរកមហារីកក្រពេញអូវែក្នុងជីវិតរបស់ខ្លួន៕(ប្រែសម្រួលដោយ លោកសំណាង)