ប្រាក់ចំណូលប្រចាំខែរបស់កម្មករវៀតណាមកើនដល់ជាង ៣០០ ដុល្លារក្នុងត្រីមាសទី៣

វៀតណាម ៖ យោងតាមការិយាល័យស្ថិតិទូទៅបានឱ្យដឹងថា ប្រាក់ចំណូលប្រចាំខែជាមធ្យមរបស់កម្មករគឺ ៧,៦ លានដុង (៣០៦ ដុល្លារអាមេរិក) នៅក្នុងត្រីមាសទី ៣ ពោលកើនឡើង ២,៣៧% ធៀបនឹងឆ្នាំមុន។

តំបន់មួយចំនួនមានកំណើនខ្លាំងជាងមុន ដោយទីក្រុងហាណូយបានរាយការណ៍ថាកើនឡើង ៦,៦% ស្មើនឹង ១០,៧លានដុង និងខេត្ត Nam Dinh កើនឡើង ៥,៧%។ ខេត្តមួយចំនួនដូចជា Son La, Cao Bang និង Lang Son មានការថយចុះពី ៣,៥-៧,៨%។ នៅតំបន់ទីក្រុង កម្មកររកចំណូលបានជាមធ្យម ៩,៣លានដុង ច្រើនជាងនៅតំបន់ជនបទ ៣០% ។

វិស័យមួយចំនួនមានការកើនឡើងគួរឱ្យកត់សម្គាល់ គឺការកើនឡើងគឺ ១២,៧% សម្រាប់អចលនទ្រព្យ ១០,៣% សម្រាប់ហិរញ្ញវត្ថុ ធនាគារ និង ធានារ៉ាប់រង និង ៦,៧% សម្រាប់ការផលិត។ ប្រាក់ចំណូលជាមធ្យមក្នុងវិស័យកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានធ្លាក់ចុះ ២,៩% មកនៅត្រឹម ៤,៣ លានដុង។

កំណើនប្រាក់ចំណូលនៅក្នុងត្រីមាសទី ៣ ត្រូវបានជំរុញជាចម្បងដោយការដំឡើងប្រាក់ឈ្នួលដែលបានធ្វើឡើងនៅថ្ងៃទី ១ ខែកក្កដា ដែលបានបង្កើនប្រាក់បៀវត្សរ៍អប្បបរមាប្រចាំខែ និងម៉ោងរបស់កម្មករចំនួន ៦%។

ទីផ្សារការងារបានពង្រីកដល់ ៥១,៦ លាននាក់ គឺកើនឡើង ១១៤.៦០០ នាក់ពីត្រីមាសទី២ ហើយចំនួនអ្នកអត់ការងារធ្វើក្នុងវ័យធ្វើការបានថយចុះចំនួន ២២.២០០ នាក់ មកនៅត្រឹម ១,០៥ លាននាក់៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *