ឥណ្ឌា ៖ ក្រុមហ៊ុន Tata Group បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីយប់ថ្ងៃពុធ ទី៩ តុលាឆ្នាំ២០២៤ថា លោក Ratan Tata អតីតប្រធានក្រុមហ៊ុន Tata Group ដែលបានដាក់ក្រុមហ៊ុនឥណ្ឌាដ៏ធំនេះនៅលើឆាកពិភពលោកជាមួយនឹងលទ្ធកម្មល្បីៗជាច្រើននោះ បានទទួលមរណភាពនៅអាយុ ៨៦ ឆ្នាំ។
ប្រភពពីរដែលដឹងផ្ទាល់អំពីស្ថានភាពវេជ្ជសាស្ត្ររបស់គាត់បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រកាលពីព្រឹកថ្ងៃពុធថា លោក Tata ដែលគ្រប់គ្រងក្រុមហ៊ុននេះអស់រយៈពេលជាង ២០ ឆ្នាំជាប្រធាន បានកំពុងចូលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ Mumbai។
ក្រុមហ៊ុនបាននិយាយថា «វាជាអារម្មណ៍នៃការបាត់បង់ដ៏ជ្រាលជ្រៅដែលយើងត្រូវលាទៅកាន់លោក Ratan Naval Tata ដែលជាអ្នកដឹកនាំដ៏ពិសេសពិតៗ ដែលការរួមចំណែកមិនអាចកាត់ថ្លៃបានមិនត្រឹមតែរំលេចឡើងនូវក្រុមហ៊ុន Tata Group ប៉ុណ្ណោះទេ ប៉ុន្តែលើកតម្កើងប្រទេសជាតិរបស់យើងទៀតផង»។
នាយករដ្ឋមន្រ្តីឥណ្ឌា Narendra Modi បាននិយាយនៅលើវេទិកាបណ្តាញសង្គម X ថា «លោក Ratan Tata ជាអ្នកដឹកនាំអាជីវកម្មដែលមានចក្ខុវិស័យ មានចិត្តសន្តោសប្រណី និងជាមនុស្សដ៏ពិសេស។ ពិតជាឈឺចាប់ខ្លាំងចំពោះមរណភាពរបស់គាត់។ ខ្ញុំសូមរំលែកទុក្ខជាមួយក្រុមគ្រួសារ មិត្តភក្តិ និងអ្នកកោតសរសើរគាត់នៅម៉ោងដ៏សោកសៅនេះ»។
បន្ទាប់ពីបានបញ្ចប់ការសិក្សាថ្នាក់ស្ថាបត្យកម្មនៅសាកលវិទ្យាល័យ Cornell គាត់បានត្រឡប់ទៅប្រទេសឥណ្ឌាវិញ ហើយនៅឆ្នាំ ១៩៦២ បានចាប់ផ្តើមធ្វើការឱ្យក្រុមដែលជីតារបស់គាត់បានបង្កើតជិតមួយសតវត្សរ៍មុន។
គាត់បានធ្វើការនៅក្នុងក្រុមហ៊ុនជាច្រើនរបស់ Tata រួមទាំងក្រុមហ៊ុន Telco ដែលឥឡូវនេះជាក្រុមហ៊ុន Tata Motors ក៏ដូចជាក្រុមហ៊ុន Tata Steel ដែលក្រោយមកបានបញ្ចេញថ្វីដៃ ដោយលុបបំបាត់ការខាតបង់ និងបង្កើនចំណែកទីផ្សារនៅក្នុងក្រុមក្រុមហ៊ុន National Radio & Electronics Company។
នៅឆ្នាំ ១៩៩១ គាត់បានកាន់មុខតំណែងជាប្រធានក្រុមហ៊ុន Tata នៅពេលដែលពូរបស់គាត់ JRD Tata លាលែងពីតំណែង ក្នុងគ្រាដែលប្រទេសឥណ្ឌាចាប់ផ្តើមកំណែទម្រង់ពេញទំហឹង ដែលបើកសេដ្ឋកិច្ចរបស់ខ្លួនទៅកាន់ពិភពលោក និងឈានទៅដល់សម័យកាលនៃកំណើនខ្ពស់។
នៅក្នុងជំហានដំបូងៗរបស់គាត់ លោក Ratan Tata បានព្យាយាមគ្រប់គ្រងអំណាចលើប្រធានក្រុមហ៊ុនមួយចំនួនរបស់ Tata Group ដោយបង្ខំអាយុចូលនិវត្តន៍ឆាប់ លើកកម្ពស់មនុស្សវ័យក្មេងឱ្យឡើងតំណែងជាន់ខ្ពស់ និងបង្កើនការគ្រប់គ្រងលើក្រុមហ៊ុន។
គាត់បានបង្កើតក្រុមហ៊ុនទូរគមនាគមន៍ Tata Teleservices ក្នុងឆ្នាំ ១៩៩៦ ហើយបានយកក្រុមហ៊ុន IT ឈ្មោះ Tata Consultancy Services លក់ហ៊ុនជាសាធារណៈក្នុងឆ្នាំ ២០០៤៕(ប្រែសម្រួលដោយ លោកសំណាង)