បរទេស ៖ មន្ត្រីមនុស្សធម៌របស់អង្គការសហប្រជាជាតិ(អ.ស.ប)បានអំពាវនាវកាលពីថ្ងៃអង្គារ ទី៨ ខែតុលាឆ្នាំ២០២៤ឱ្យមានវិធានការបន្ទាន់ដើម្បីបញ្ឈប់ជម្លោះដែលកំពុងកើនឡើងនៅក្នុងប្រទេសលីបង់កុំឱ្យរីករាលដាលទៅជាកន្លែងវិនាសកម្មដូចដែលបានឃើញនៅក្នុងតំបន់ហ្គាហ្សា។
លោក Matthew Hollingworth នាយកកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិប្រចាំលីបង់បាននិយាយថា «យើងត្រូវធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបានដើម្បីបញ្ឈប់រឿងនេះកុំឱ្យកើតឡើង»។
ថ្លែងពីទីក្រុងបៃរូត លោកបានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវថា លោកបានចំណាយពេលពាក់កណ្តាលនៃឆ្នាំនេះដើម្បីសម្របសម្រួលប្រតិបត្តិការរបស់ WFP នៅតំបន់ហ្គាហ្សា មុនពេលចូលកាន់តំណែងប្រធានការិយាល័យប្រចាំនៅលីបង់ ហើយមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះភាពស្រដៀងគ្នានេះ។
លោកបាននិយាយថា «វាស្ថិតនៅក្នុងចិត្តខ្ញុំតាំងពីពេលដែលខ្ញុំភ្ញាក់រហូតដល់ពេលដែលខ្ញុំចូលគេងថា យើងអាចនឹងធ្លាក់ចូលទៅក្នុងប្រភេទនៃសេចក្តីវិនាសដូចគ្នា… ដែលយើងមិនគួរអនុញ្ញាតឱ្យវាកើតឡើងនោះទេ»។
សង្គ្រាមរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាដែលបានចាប់ផ្តើមបន្ទាប់ពីការវាយប្រហាររបស់ពួកហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣ នៅក្នុងទឹកដីអ៊ីស្រាអែល បានសម្លាប់មនុស្សជាង ៤១.៩០០ នាក់ ដែលភាគច្រើនជាជនស៊ីវិល។នេះបើយោងតាមក្រសួងសុខាភិបាលនៅក្នុងទឹកដីគ្រប់គ្រងដោយក្រុមហាម៉ាស។ អង្គការសហប្រជាជាតិបាននិយាយថា តួលេខនេះគួរឱ្យទុកចិត្តបាន។
ការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលាបានបណ្តាលឱ្យមនុស្ស ១.២០៦ នាក់ស្លាប់ ដែលភាគច្រើនជាជនស៊ីវិល នេះបើយោងតាមការបូកសរុបរបស់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP ដោយផ្អែកលើតួលេខផ្លូវការរបស់អ៊ីស្រាអែលដែលរួមមានចំណាប់ខ្មាំងដែលត្រូវបានសម្លាប់នៅក្នុងការជាប់ឃុំ៕(ប្រែសម្រួលដោយ លោកសំណាង)