គីម ជុងអ៊ុន ចង់បង្កើនល្បឿនដើម្បីឲ្យកូរ៉េខាងជើង ក្លាយជាមហាអំណាចនុយក្លេអ៊ែរ

កូរ៉េខាងជើង ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បាននិយាយកាលពីថ្ងៃទី ៨ ខែតុលាឆ្នាំ២០២៤ថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បាននិយាយថា ប្រទេសរបស់លោកនឹងបង្កើនល្បឿនឆ្ពោះទៅរកការក្លាយជាមហាអំណាចយោធាជាមួយនឹងអាវុធនុយក្លេអ៊ែរ ហើយនឹងមិនច្រានចោលការប្រើប្រាស់វាទេ ប្រសិនបើសត្រូវវាយប្រហារខ្លួននោះ។

លោកគីមបានលើកឡើងពីឈ្មោះប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol ជាលើកទីពីរក្នុងរយៈពេលមួយសប្តាហ៍ ក្នុងការថ្កោលទោសរដ្ឋាភិបាលក្រុងសេអ៊ូលចំពោះការឃុបឃិតជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដើម្បីធ្វើឲ្យអស្ថិរភាពក្នុងតំបន់ ដើម្បីតែចង់បញ្ជាក់ការពិតថាខ្លួនមិនមានអាវុធយុទ្ធសាស្ត្រ។

KCNA បានដកស្រង់សម្តីលោកគីមថា «លោក Yoon Suk Yeol បានធ្វើអត្ថាធិប្បាយដ៏គ្មានអត្ថន័យ និងអសុរោះអំពីទីបញ្ចប់នៃសាធារណរដ្ឋនៅក្នុងសុន្ទរកថារបស់គាត់ ហើយវាបានបង្ហាញថាគាត់បានងប់ទាំងស្រុងនឹងជំនឿមោបាំងរបស់គាត់ចំពោះកងកម្លាំងរបស់ចៅហ្វាយគាត់ គឺសហរដ្ឋអាមេរិក»។

លោកបាននិយាយនៅក្នុងសុន្ទរកថានៅឯសាកលវិទ្យាល័យការពារជាតិគីម ជុងអ៊ុន ជាកន្លែងហ្វឹកហ្វឺនសម្រាប់អ្នកឯកទេសខាងយោធាវីរជនថា «និយាយឱ្យត្រង់ទៅ យើងគ្មានចេតនាវាយប្រហារកូរ៉េខាងត្បូងទេ។ រាល់ពេលដែលខ្ញុំបញ្ជាក់ពីជំហររបស់យើងលើការប្រើប្រាស់កម្លាំងយោធា ខ្ញុំបានប្រើប្រាស់គុណសម្បត្តិ យ៉ាងច្បាស់ និងជាប់លាប់»។

«ប្រសិនបើសត្រូវព្យាយាមប្រើកម្លាំងប្រឆាំងនឹងប្រទេសរបស់យើង យោធារបស់សាធារណរដ្ឋនឹងប្រើអំណាចវាយលុកទាំងអស់ដោយមិនស្ទាក់ស្ទើរ។ នេះ​មិន​រារាំង​ការ​ប្រើ​អាវុធ​នុយក្លេអ៊ែរ​ទេ»។ លោកបានបន្ថែមថា «ការបោះជំហានរបស់យើងឆ្ពោះទៅរកការក្លាយជាមហាអំណាចយោធា និងមហាអំណាចនុយក្លេអ៊ែរ នឹងបង្កើនល្បឿន»។

កូរ៉េខាងជើង​បាន​បន្ត​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​អស់​ជាច្រើន​ទសវត្សរ៍ ហើយ​ត្រូវ​គេ​ជឿ​ថា​មាន​សារធាតុគ្រប់គ្រាន់​ដើម្បី​ផលិត​អាវុធ​នុយក្លេអ៊ែររាប់សិប​គ្រាប់។ កូរ៉េខាងជើងបាន​ធ្វើ​តេស្ត​បំផ្ទុះ​នុយក្លេអ៊ែរ​នៅ​ក្រោម​ដី​ចំនួន​ប្រាំមួយ​គ្រាប់រួចមកហើយ៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *