ប៉ាគីស្ថាន ៖ ជនជាតិចិនពីរនាក់បានស្លាប់បន្ទាប់ពីការផ្ទុះនៅជិតអាកាសយានដ្ឋានអន្តរជាតិ Jinnah ក្នុងទីក្រុងការ៉ាជី(Karachi) ប្រទេសប៉ាគីស្ថាន។
ស្ថានទូតចិនប្រចាំប្រទេសប៉ាគីស្ថានបាននិយាយថា «បុគ្គលិកប៉ាគីស្ថានជាច្រើននាក់ត្រូវបានសម្លាប់ និងរងរបួស»នៅក្នុងការបំផ្ទុះដែលបានកើតឡើងប្រហែលម៉ោង ២៣:០០ ម៉ោងក្នុងស្រុក។ ចំនួនអ្នកស្លាប់សរុបនៅមិនទាន់ដឹងច្បាស់នៅឡើយទេ។
ស្ថានទូតបានបន្ថែមថា ការផ្ទុះនេះសំដៅទៅលើក្បួនរថយន្តរបស់វិស្វករចិនដែលកំពុងធ្វើការលើគម្រោងថាមពលនៅក្នុងខេត្ត Sindh ។
កងទ័ពរំដោះបាឡូជីស្ថាន (BLA) ដែលជាក្រុមផ្តាច់ខ្លួន ដែលបានធ្វើការវាយប្រហារលើជនជាតិចិន ដែលជាប់ពាក់ព័ន្ធក្នុងគម្រោងនានាក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅថ្ងៃចន្ទនេះ ក្រុមសកម្មប្រយុទ្ធនេះបាននិយាយថា ខ្លួនបាន«កំណត់គោលដៅលើក្បួនរថយន្តកម្រិតខ្ពស់នៃវិស្វករ និងវិនិយោគិនចិន»ដែលមកដល់ពីអាកាសយានដ្ឋានការ៉ាជី។
ស្ថានទូតចិនបាននិយាយថា វិស្វករទាំងនេះគឺជាផ្នែកនៃសហគ្រាសដែលផ្តល់មូលនិធិដោយចិន Port Qasim Power Generation Co Ltd ដែលមានគោលបំណងសាងសង់រោងចក្រថាមពលធ្យូងថ្មចំនួនពីរនៅ Port Qasim ជិតទីក្រុងការ៉ាជី។
រោងចក្រនេះគឺជាផ្នែកមួយនៃច្រករបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន ដែលកំពុងផ្តល់មូលនិធិដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធ និងថាមពលមួយចំនួននៅក្នុងខេត្ត Balochistan របស់ប៉ាគីស្ថានផងដែរ ដែលមានការផ្គត់ផ្គង់ធនធានធម្មជាតិដ៏សម្បូរបែប រួមទាំងឧស្ម័ន និងរ៉ែ។
ក្រុម BLA រួមជាមួយនឹងក្រុមជនជាតិភាគតិច Baloch ផ្សេងទៀតបានប្រយុទ្ធបះបោរជាយូរមកហើយសម្រាប់មាតុភូមិដាច់ដោយឡែកមួយ៕(ប្រែសម្រួលដោយ លោកសំណាង)