ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ ដែលតែងតែកើតឡើងលើផ្លូវល្បឿនលឿន ភាគច្រើនបណ្ដាលមកពីការបើកបរលើសល្បឿនកម្រិតកំណត់ និង មិនគោរពតាមការណែនាំរបស់ ក្រុមហ៊ុនផ្លូវល្បឿនលឿន និងមួយចំណែកទៀតគឺការធ្វេសប្រហែសរបស់អ្នកបើកបរ។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤ម្សិលមិញ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន បានឲ្យដឹងថា «ការបើកបរលើសល្បឿនកម្រិតកំណត់ និងការធ្វេសប្រហែសមិនគោរពតាមការណែនាំពីរបៀបបើកបរជាបញ្ហាចម្បងបណ្តាលឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវល្បឿនលឿន»។ លោកបន្តថា «ការធ្វសប្រហែស និងភាពប្រហើនរបស់អ្នកបើកបរខ្លះ តែងបានបង្កគ្រោះថ្នាក់ដល់ខ្លួនឯង និងអ្នកដទៃ ព្រមទាំងធ្វើខូចខាតទ្រព្យសម្បត្តិក្រុមហ៊ុន»។
គួរបញ្ជាក់ផងដែរ កាលពីវេលាម៉ោង៣និង៣៨នាទីរសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តម៉ាក ESCALADE ពណ៌ ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2CE-0567 អ្នកបើកបរឈ្មោះXIONG YONGZHOU ភេទប្រុស ជនជាតិចិន អាយុ៣២ឆ្នាំ ធ្វើដំណើរក្នុងទិសដៅ ព្រះសីហនុ ទៅភ្នំពេញ បានប្រើប្រាស់ល្បឿនលឿន ក្នុងពេលមេឃកំពុងមានភ្លៀងធ្លាក់ខ្លាំងត្រង់ចំណុចផ្លូវកោង នៅចំណុចគីឡូម៉ែត្រK141+700 ភូមិឬទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។
ពេលនោះរថយន្តបានរអិលជ្រុលចង្កូតទៅបុករនាំងការពារទ្រូងផ្លូវ ហើយបានខ្ទាតចូលទៅចំណែកផ្លូវក្នុងទិសដៅភ្នំពេញ ទៅព្រះសីហនុ បណ្តាលឱ្យរថយន្តមួយគ្រឿងទៀត ដែលកំពុងធ្វើដំណើរក្នុងទិសដៅពីភ្នំពេញទៅព្រះសីហនុបុកពេញទំហឹងតែម្តង ដែលមាន ម៉ាក FORD RANGER ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BI-0565 អ្នកបើកបរឈ្មោះ មិត្ត ប៊ុន ភេទប្រុស ជនជាតិខ្មែរ អាយុ៤៨ឆ្នាំ។
ក្នុងហេតុគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ មិនបណ្ដាលឲ្យមានមនុស្សរងរបួសនោះឡើយ ប៉ុន្តែរថយន្តរងការខូចខាតស្ទើរទាំងស្រុង និងរបាំងពុះចែកទ្រូងផ្លូវបាក់ជាច្រើនម៉ែត្រផងដែរ។
ជាចុងក្រោយ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន សូមអំពាវនាវដល់អ្នកបើកបរសូមមានស្មារតីប្រុងប្រយ័ត្ន គោរពការបញ្ជាចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន និងមើលផ្ទាំងLEDដែលក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានជូនដំណឹង សារដាស់តឿន និងព័ត៌មានផ្សេងៗ៕(ដោយ គា សំណាង)