ភ្នំពេញ ៖ យុវជនវ័យ១៧ឆ្នាំម្នាក់បានបាត់បង់ជីវិតភ្លាម រីឯប្អូនស្រីវ័យ១២ឆ្នាំ រងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូឌុបគ្នាទៅរៀនជ្រុលទៅបុកពីក្រោយរថយន្តសណ្តោង កំពុងឈប់ទិញអីវ៉ាន់ កើតឡើងកាលពីវេលាម៉ោង៦ និង១៥នាទី ព្រឹក ថ្ងៃទី៧ខែតុលា ឆ្នាំ២០២៤ នៅតាមផ្លូវបេតុងវត្តស្ងួនពេជ្រ បុរីពិភពថ្មីគម្រោង៦ ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល ។
ប្រភពបានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះ ឆេង សុកឈាត ភេទប្រុសអាយុ១៧ឆ្នាំ ជានិស្សិតឆ្នាំទី១ នៅវិទ្យាស្ថានPSE ,ចំណែកប្អូនស្រីរងរបួសធ្ងន់ឈ្មោះឆេង ស្រីពេញ អាយុ១២ឆ្នាំ អ្នកទាំង២នាក់នេះមានស្រុកកំណើតនៅខេត្តកំពង់ចាម និងស្នាក់នៅផ្ទះជួលភូមិត្រពាំងឈូក សង្កាត់កន្ទោក ខណ្ឌកំបូល ។
ចំណែកអ្នកបើកបររថយន្តបាននិយាយប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុ គាត់បានបើករថយន្តធុនធំសណ្ដោងកន្ទុយរ៉ឺម៉កសម្រាប់ដឹកទូកុងតឺន័រ១គ្រឿងម៉ាកFUSO ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3H-0086 ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីត្បូងទៅជើង ។
លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ បានឈប់ទិញអីវាន់តាមផ្លូវ ស្រាប់តែជនរងគ្រោះទាំង២នាក់បងប្អូនជិះម៉ូតូ១គ្រឿងម៉ាកហុងដាប៊ីតកំពង់ចាម1Y-6147 ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីត្បូងទៅជើងស្របគ្នាទៅដល់បុកពីក្រោយពេញទំហឹងបណ្ដាលឱ្យស្លាប់និងរបួសតែម្ដង។
សមត្ថកិច្ចបានប្រាប់ថា ជនរងគ្រោះដែលជាបងប្រុសនិងជាអ្នកបើកបរម៉ូតូបានបែកក្បាលស្លាប់ភ្លាមៗ និងប្អូនស្រីដែលជិះខាងក្រោយរងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅសង្រ្គោះបន្ទាន់ភ្លាម ។
ក្រោយពេលកើតហេតុរថយន្តនោះបានបើករត់គេច ប៉ុន្តែបានចម្ងាយជាង៣០០ម៉ែត្រ ក៏ត្រូវបាននគរបាលឃាត់បានទាំងរថយន្តនិងអ្នកបើកបរ រួចបាននាំអ្នកបើកបររូបនោះទៅធ្វើការសាកសួរនៅប៉ុស្តិ៍កន្ទោក ។
បន្ទាប់មកនគរបាលការិយាយល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋានរាជធានីភ្នំពេញបាននាំយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំការដោះស្រាយតាមច្បាប់ ។ចំណែកឯសពត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារដឹកយកទៅធ្វើរបុណ្យនៅឯស្រុកកំណើតខេត្តកំពង់ចាម៕(ដោយ គា សំណាង)