នេប៉ាល់ ៖ អ្នកស្រុកនៃរដ្ឋធានីរងគ្រោះដោយទឹកជំនន់របស់ប្រទេសនេប៉ាល់បានត្រឡប់ទៅផ្ទះរបស់ពួកគេវិញកាលពីថ្ងៃអាទិត្យ ទី ២៩ ខែកញ្ញាឆ្នាំ២០២៤ ដើម្បីស្ទង់មើលកម្ទេចកម្ទីពីទឹកជំនន់ដ៏បំផ្លិចបំផ្លាញដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៧០ នាក់នៅទូទាំងសាធារណរដ្ឋតំបន់ហិមាល័យមួយនេះ។
ទឹកជំនន់ និងការរអិលបាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់គឺជារឿងធម្មតានៅទូទាំងអាស៊ីខាងត្បូងក្នុងរដូវខ្យល់មូសុងចាប់ពីខែមិថុនាដល់ខែកញ្ញា ,ប៉ុន្តែអ្នកជំនាញនិយាយថា ការប្រែប្រួលអាកាសធាតុកំពុងបង្កើនភាពញឹកញាប់និងភាពធ្ងន់ធ្ងររបស់ភ្លៀង។
សង្កាត់ទាំងមូលៗក្នុងទីក្រុងកដ្ឋមណ្ឌូ (Kathmandu) ត្រូវបានលិចលង់កាលពីចុងសប្តាហ៍ជាមួយនឹងទឹកជំនន់ភ្លាមៗត្រូវបានរាយការណ៍នៅតាមដងទន្លេដែលហូរកាត់រដ្ឋធានី និងការខូចខាតយ៉ាងខ្លាំងលើផ្លូវហាយវេដែលតភ្ជាប់ទីក្រុងជាមួយផ្នែកដទៃនៃប្រទេសនេប៉ាល់។
Kumar Tamang ដែលរស់នៅក្នុងតំបន់អនាធិបតេយ្យក្បែរច្រាំងទន្លេបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា«គាត់និងគ្រួសាររបស់គាត់ត្រូវភៀសខ្លួនបន្ទាប់ពីពាក់កណ្ដាលអធ្រាត្រកាលពីថ្ងៃសៅរ៍នៅពេលដែលទឹកបានហូរចូលខ្ទមរបស់គាត់»។ បុរសវ័យ៤០ឆ្នាំរូបនេះបាននិយាយថា «ព្រឹកនេះយើងបានត្រឡប់មកវិញ ហើយអ្វីៗគឺផ្សេងទាំងស្រុង»។
លោកបានបន្ថែមថា «យើងសូម្បីបើកទ្វារចូលផ្ទះក៏បើកមិនរួចផង វាជាប់ភក់គាំងឆ្តុប។ ម្សិលមិញយើងខ្លាចទឹកជំនន់សម្លាប់ពួកយើង ប៉ុន្តែថ្ងៃនេះយើងគ្មានទឹកសម្រាប់សម្អាតទេ»។
ក្រសួងមហាផ្ទៃនេប៉ាល់បាននិយាយថា មនុស្ស ១៧០ នាក់ត្រូវបានសម្លាប់នៅទូទាំងប្រទេស និង ៤២ នាក់ទៀតនៅបាត់ខ្លួន៕(ប្រែសម្រួលដោយ លោកសំណាង)