ភ្នំពេញ ៖ ជនសង្ស័យចំនួន៣នាក់ ក្នុងចំណោម៦នាក់ ត្រូវបានសមត្ថកិច្ចនគរបាលខេត្តកណ្តាល ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដោយមានការចូមរួមសហការពី នាយកដ្ឋានព្រហ្មទណ្ឌ និងស្នងការដ្ឋាននគរបាលខេត្ដព្រៃវែង បានធ្វើការស្រាវជ្រាវស៊ើបអង្កេតនិងបង្ក្រាប បាននៅថ្ងៃទី ២៨ ខែកញ្ញា ២០២៤ ។
សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យទាំង៣នាក់ ទី១ មានឈ្មោះ មាស អូន ភេទប្រុស អាយុ ៥២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ១ ឃុំព្រែកខ្សាយខ ស្រុកពាមរណ៍ ខេត្តព្រៃវែង(ជាអ្នករៀបចំចាត់ចែងមធ្យោបាយ)។ ទី២ឈ្មោះ តាំង យាំងវៀង ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិវៀតណាម(ជាជនដៃដល់)។ ទី ៣.ឈ្មោះ ង្វៀង យី ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិវៀតណាម(ជាអ្នកបើកម៉ូតូ)។ រីឯជនសង្ស័យ៣នាក់ទៀតកំពុងរត់គេចខ្លួន។
ប្រភពដដែលបានបន្តថា កាលពីថ្ងៃ ទី២៦ កញ្ញា ២០២៤ វេលាម៉ោង១២និង៤៤នាទី នៅចំណុច កាស៊ីណូថ្មពេជ្រ ស្ថិតក្នុងភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្ដាល ជនសង្ស័យ០៤នាក់ បានជិះម៉ូតូ០២គ្រឿង សង្ស័យម៉ូតូម៉ាក អិចសាយទ័រ ចូលមកខាងមុខកាស៊ីណូ ភ្លាមនោះជនសង្ស័យ០២នាក់ បានដកកាំភ្លើងខ្លីកែច្នៃ ចំនួន០២ដើម បាញ់ទៅលើសន្តិសុខ០៦គ្រាប់ បណ្ដាលឲ្យត្រូវរបួសស្រាល ឈ្មោះ ចៅ រិន (ជាសន្តិសុខយាមខ្លោងទ្វារកាស៊ីណូ) ត្រូវចំស្មាខាងឆ្វេង បន្ទាប់មកក៏បានគប់គ្រាប់បែកដៃ (ជាប្រភេទដែកកេះ មានរូបរាងដូចគ្រាប់បែក) គប់ចូលទៅក្នុងបរិវេណខាងមុខកាស៊ីណូថ្មពេជ្រ ភ្លាមនោះជនសង្ស័យ បាននាំគ្នារត់ឡើងជិះម៉ូតូ ០២គ្រឿង គ្នា០៤នាក់ គេចខ្លួនបាត់ទៅ ។
លុះនៅថ្ងៃទី២៨ កញ្ញា ២០២៤ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ខាងលើតែម្តង រួមនិងវត្ថុតាងមួយចំនួនដែលប្រមូលបាននៅចំណុចកើតហេតុ ។ ក្រោយពីកម្លាំងជំនាញធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងបានសន្និដ្ឋាន វាយតម្លៃ លើករណីនេះ គឺជារឿងទំនាស់ផ្ទៃក្នុងការរកស៊ី មកបង្កការអុកឡុក រំខានការស៊ី មិនចង់ឲ្យដំណើរការបាន។
ចំពោះជនសង្ស័យដែលបានឃាត់ខ្លួន កម្លាំងជំនាញកំពុងកសាងសំណុំចាត់ការតាមនីតិវិធី។ រីឯជនសង្ស័យដែលគេចខ្លួន កម្លាំងជំនាញកំពុងស្រាវជ្រាវបន្ត ដើម្បីឃាត់ខ្លួន យកមកចាត់ការតាមនីតិវិធី៕ អត្ថបទ៖ សំណាង