បរទេស ៖ អូស្ត្រាលី និងហ្វីលីពីនបាននិយាយថា យោធារបស់ពួកគេនឹងធ្វើសកម្មភាពដែនសមុទ្ររួមគ្នាជាមួយជប៉ុននូវែលសេឡង់ និងសហរដ្ឋអាមេរិក នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខនៃប្រទេសហ្វីលីពីន ដែលគ្របដណ្តប់លើទីតាំងដ៏រសើបបំផុតមួយរបស់អាស៊ី។
ក្រសួងការពារជាតិអូស្ត្រាលីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃសៅរ៍នេះថា «សកម្មភាពសហប្រតិបត្តិការដែនសមុទ្រនេះបង្ហាញពីការប្តេជ្ញាចិត្តរួមរបស់ពួកយើងក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់និងអន្តរជាតិក្នុងការគាំទ្រដល់សន្តិភាព ស្ថិរភាព និងវិបុលភាពឥណ្ឌូប៉ាស៊ីហ្វិក»។
សេចក្តីថ្លែងការណ៍បានបន្ថែមថា នាវាកងទ័ពជើងទឹក HMAS Sydney និងយន្តហោះល្បាតដែនសមុទ្ររបស់អូស្ត្រាលី Air Force P-8A Poseidon នឹងធ្វើប្រតិបត្តិការជាមួយប្រទេសជាដៃគូ ដើម្បីជំរុញ «កិច្ចសហប្រតិបត្តិការ និងអន្តរប្រតិបត្តិការរវាងកងកម្លាំងប្រដាប់អាវុធរបស់យើង»។
សមយុទ្ធរួមគ្នានេះធ្វើឡើងបន្ទាប់ពីការពើបប្រទះញឹកញាប់តាមផ្លូវអាកាស និងសមុទ្ររវាងហ្វីលីពីន និងចិន ដែលកាន់តែបង្កជម្លោះលើតំបន់ជម្លោះនៃសមុទ្រចិនខាងត្បូង រួមទាំងតំបន់ប្រជុំកោះ Scarborough Shoal ដែលជាតំបន់ប្រកួតប្រជែងក្តៅបំផុតមួយរបស់អាស៊ី និងដែលត្រូវបានកាន់កាប់ដោយឆ្មាំសមុទ្ររបស់ចិនអស់ជាងមួយទសវត្សរ៍។
កាលពីថ្ងៃពុធ នាវាកងទ័ពជើងទឹកមកពីនូវែលសេឡង់ និងអូស្ត្រាលីបានបើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ដែលជាផ្នែកមួយនៃសមុទ្រចិនខាងត្បូង ជាសកម្មភាពមួយដែលក្រសួងការពារជាតិអូស្ត្រាលីនិយាយថាបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសចំពោះតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដែលបើកចំហ ស្ថិរភាព និងវិបុលភាព។
ចិន ដែលអះអាងថាតៃវ៉ាន់ជាទឹកដីរបស់ខ្លួន បាននិយាយថា ខ្លួនបានអនុវត្តអធិបតេយ្យភាព និងយុត្តាធិការលើច្រកសមុទ្ររបស់ខ្លួនប៉ុណ្ណោះ។
ទាំងសហរដ្ឋអាមេរិក និងតៃវ៉ាន់និយាយថា ច្រកសមុទ្រ ដែលជាផ្លូវពាណិជ្ជកម្មដ៏សំខាន់មួយ ដែលឆ្លងទំនិញតាមនាវាកុងតឺន័រពិភពលោកជាងពាក់កណ្តាលបានឆ្លងកាត់ គឺជាផ្លូវទឹកអន្តរជាតិ។
រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Penny Wong បាននិយាយនៅក្នុងសុន្ទរកថាទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃសៅរ៍ថា ប្រទេសអូស្ត្រាលីបាន «ដាក់សម្ពាធយ៉ាងខ្ជាប់ខ្ជួនលើចិនលើសន្តិភាព និងស្ថិរភាពនៅសមុទ្រចិនខាងត្បូង និងច្រកសមុទ្រតៃវ៉ាន់»។
លោកស្រី Wong បាននិយាយថា «យើងស្វាគមន៍ចំពោះការចាប់ផ្តើមឡើងវិញនៃការសន្ទនាកម្រិតមេដឹកនាំ និងយោធារវាងអាមេរិក និងចិន»។
ចិនទាមទារស្ទើរតែទាំងអស់នៃសមុទ្រចិនខាងត្បូង បើទោះបីជាមានការទាមទារដែនសមុទ្រត្រួតស៊ីគ្នាដោយព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាម ដែលធ្វើឲ្យប្រទេសជិតខាងរបស់ខ្លួនខឹងសម្បារក៏ដោយ៕(ប្រែសម្រួលដោយ លោកសំណាង)