ភ្នំពេញ ៖ មានករណីធ្លាក់កន្ត្រក់យោងពីអគារសំណង់ជាន់ទី៩បណ្ដាលឱ្យស្លាប់មនុស្ស៥នាក់ នៅចំណុចការដ្ឋានកំពុងសាងសង់គម្រោង Platinum Square អគារB1 ផ្លូវលេខ១៦៣ ភូមិ៧ សង្កាត់វាលវង់ ខណ្ឌ៧មករា នៅវេលាម៉ោងប្រមាណ៣រសៀល ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ម្សិលមិញ ។
ប្រភពបានឱ្យដឹងថា សាកសពជនរងគ្រោះ ៥នាក់រួមមាន ១-ឈ្មោះ កែវ ធឿន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរតៃកុងកន្ត្រក់ ,២-ឈ្មោះ សេង ថៃ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរតៃកុងកន្ត្រក់,៣-ឈ្មោះ សុក ម៉ាប់ ភេទប្រុស អាយុ២៤ឆ្នាំមុខរបរតៃកុងកន្ត្រក់,៤-ឈ្មោះ វ៉ែន អ៊ុន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរតៃកុងកន្ត្រក់ ទាំង៤នាក់មានទីលំនៅ ស្រុកគីរីវង់ ខេត្តតាកែវនិង៥-ឈ្មោះ យិន ថៃ ភេទប្រុស អាយុ៣៧ឆ្នាំ ប្រធានក្រុម មានទីលំនៅស្រុកកោះអណ្តែតខេត្តតាកែវ។
ប្រភពបន្តថា នៅវេលាម៉ោងប្រមាណ៣រសៀល ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ជនរងគ្រោះទាំង៥នាក់កំពុងរុះរើកន្រ្តក់យោងនៅលើអគារជាន់ទី៩ រួចកន្ត្រក់យោងនោះបានធ្លាក់ចុះមកក្រោម ហើយជនរងគ្រោះទាំង៥នាក់ត្រូវរបួសធ្ងន់ធ្ងរត្រូវបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត ពេលទៅដល់គ្រូពេទ្យពិនិត្យប្រាប់ថាស្លាប់។
បើតាមការបញ្ជាក់ពីសមត្ថកិច្ចជំនាញបានអះអាងថា «សាកសពទាំង៥នាក់ស្លាប់ដោយសារប៉ះទង្គិចក្បាល និងខ្លួនប្រាណធ្ងន់ធ្ងរ»។សាកសពទាំង៥នាក់ប្រគល់ជូនក្រុមគ្រូសាររៀងៗខ្លួនយកទៅធ្វើបុណ្យតាមប្រពៃណី៕(ដោយ សំណាង,រាយការណ៍បន្ថែមដោយSAKARA)