អ៊ីស្រាអែលប្តេជ្ញាបន្តប្រយុទ្ធជាមួយពួកហេសប៊ូឡា «រហូតដល់ឈ្នះ»

អ៊ីស្រាអែល ៖ កាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែកញ្ញាឆ្នាំ២០២៤ អ៊ីស្រាអែលបានច្រានចោលទាំងស្រុងនូវការជំរុញរបស់សហរដ្ឋអាមេរិកសម្រាប់បទឈប់បាញ់រយៈពេល ២១ ថ្ងៃនៅក្នុងប្រទេសលីបង់ ដោយប្តេជ្ញាថានឹងបន្តប្រយុទ្ធជាមួយពួកសកម្មប្រយុទ្ធហេសប៊ូឡារហូតដល់ទទួលបានជ័យជម្នះ។ 

ឯការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលលើទីតាំងរបស់ក្រុមហេសប៊ូឡាដែលគាំទ្រដោយអ៊ីរ៉ង់នៅជុំវិញប្រទេសលីបង់បានសម្លាប់មនុស្សរាប់រយនាក់ក្នុងសប្តាហ៍នេះ ខណៈដែលក្រុមសកម្មប្រយុទ្ធនេះបានសងសឹកជាមួយនឹងការបាញ់ស្រោចគ្រាប់រ៉ុក្កែត។

រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Israel Katz បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «នឹងមិនមានបទឈប់បាញ់នៅភាគខាងជើងនោះទេ។ យើងនឹងបន្តប្រយុទ្ធប្រឆាំងនឹងអង្គការភេរវកម្មហេសប៊ូឡាជាមួយនឹងកម្លាំងរបស់យើងទាំងអស់រហូតដល់ទទួលជ័យជម្នះ និងការវិលត្រឡប់ប្រកបដោយសុវត្ថិភាពរបស់អ្នកស្រុកនៅភាគខាងជើងទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញ»។

ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា លោកមិនបានឆ្លើយតបនឹងសំណើបទឈប់បាញ់នោះទេ ហើយថាលោកបានបញ្ជាឱ្យយោធា «បន្តការប្រយុទ្ធគ្នាជាមួយកម្លាំងពេញទំហឹង»។

សហរដ្ឋអាមេរិក បារាំង និងសម្ពន្ធមិត្តផ្សេងទៀតបានអំពាវនាវឱ្យផ្អាកបាញ់រយៈពេល ២១ ថ្ងៃ បន្ទាប់ពីប្រធានាធិបតី ចូបៃដិន និងសមភាគីបារាំងលោក អេមម៉ានូអែ ម៉ាក្រុង បានជួបប្រជុំនៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក។

សេចក្តីថ្លែងការណ៍រួមរបស់ពួកមេដឹកនាំទាំងនោះបានសរសេរថា ស្ថានភាពនៅក្នុងប្រទេសលីបង់បានក្លាយទៅជា«មិនអាចអត់គ្រប់គ្រងបាន»ហើយ «មិនមានផលប្រយោជន៍ដល់នរណាម្នាក់ឡើយ ទាំងប្រជាជនអ៊ីស្រាអែល និងប្រជាជនលីបង់»។

ទោះបីជាមានការអត្ថាធិប្បាយពីមន្ត្រីអ៊ីស្រាអែលក៏ដោយ ក៏អ្នកនាំពាក្យសេតវិមាន Karine Jean-Pierre បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា «សេចក្តីថ្លែងការណ៍នេះពិតជាមានការសម្របសម្រួលជាមួយភាគីអ៊ីស្រាអែល»។

អំពើហិង្សាបានបង្ហាញពីសញ្ញាតិចតួចនៃការបន្ធូរដៃ ដោយយោធាអ៊ីស្រាអែលបានប្រកាសពីការវាយប្រហារបន្ថែមទៀតលើភាគខាងត្បូងលីបង់ ហើយក្រុមហេសប៊ូឡាបាននិយាយថា ក្រុមប្រយុទ្ធរបស់ខ្លួនបានបាញ់រ៉ុក្កែតរាប់សិបគ្រាប់ទៅភាគខាងជើងអ៊ីស្រាអែលកាលពីល្ងាចថ្ងៃព្រហស្បតិ៍។

ក្រសួងការពារជាតិអ៊ីស្រាអែលបានប្រកាសថា ខ្លួនបានទទួលកញ្ចប់ជំនួយថ្មីចំនួន ៨,៧ ពាន់លានដុល្លារពីសហរដ្ឋអាមេរិក ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងយោធាជាបន្តរបស់ខ្លួន ដោយគូសបញ្ជាក់ពីឆន្ទៈរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនក្នុងការប្រើប្រាស់ជំនួយយោធារបស់ខ្លួនជាឥទ្ធិពលសម្រាប់បទឈប់បាញ់៕(ប្រែសម្រួលដោយលោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *