អ៊ីស្រាអែលនិយាយថា ការវាយលុកជើងគោកលើលីបង់អាចទៅរួច

អ៊ីស្រាអែល ៖ ប្រមុខយោធាអ៊ីស្រាអែលបានប្រាប់កងទ័ពកាលពីថ្ងៃពុធ ទី ២៥ ខែកញ្ញាឆ្នាំ២០២៤ ថា ការវាយប្រហារតាមអាកាសដ៏ធ្ងន់របស់ខ្លួនលើប្រទេសលីបង់កំពុងរៀបចំផ្លូវសម្រាប់លទ្ធភាពប្រតិបត្តិការជើងគោក ដោយកងកម្លាំងអ៊ីស្រាអែលប្រឆាំងនឹងពួកសកម្មប្រយុទ្ធហេសប៊ូឡា ខណៈមានសកម្មភាពការទូតយ៉ាងមមាញឹកដើម្បីទប់ស្កាត់កុំឲ្យផ្ទុះសង្គ្រាមពេញទំហឹង។

ប្រធានាធិបតីស៊ីបលោក Nikos Christodoulides បានប្រាប់ទីភ្នាក់ងារសារព័ត៌រ៉យទ័រនៅខាងក្រៅកិច្ចមហាសន្និបាតអង្គការសហប្រជាជាតិថា សហរដ្ឋអាមេរិក និងបារាំងកំពុងព្យាយាមបង្កើតកិច្ចព្រមព្រៀងបណ្តោះអាសន្នមួយ ដើម្បីបញ្ឈប់អរិភាពក្នុងគោលបំណងបើកកិច្ចចរចាឱ្យកាន់តែទូលំទូលាយ ដែលនឹងរួមបញ្ចូលកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបានបទឈប់បាញ់ដែលបានស្វះស្វែងរកជាយូរមកហើយនៅក្នុងតំបន់ហ្គាហ្សា។ 

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រាប់ទូរទស្សន៍ ABC ថា សង្គ្រាមពេញទំហឹងអាចធ្វើទៅបាន ប៉ុន្តែបានបន្ថែមថា «យើងនៅតែមានលទ្ធភាពស្វែងរកដំណោះស្រាយដែលអាចផ្លាស់ប្តូរតំបន់ទាំងមូល»។

អ៊ីស្រាអែលបានពង្រីកការវាយប្រហារតាមអាកាសរបស់ខ្លួននៅក្នុងប្រទេសលីបង់កាលពីថ្ងៃពុធ ហើយរដ្ឋមន្ត្រីសុខាភិបាលរបស់លីបង់បានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់ចំនួន ៥១ នាក់ត្រូវបានស្លាប់ និងយ៉ាងហោចណាស់ ២២៣ នាក់បានរងរបួសនៅក្នុងការវាយប្រហារកាលពីថ្ងៃពុធ។

អ៊ីស្រាអែល​បាន​បាញ់​ទម្លាក់​មី​ស៊ី​ល​ដែល​ចលនា​ហេសប៊ូឡា​និយាយ​ថា​ ខ្លួន​បាន​តម្រង់​ទៅ​ទីស្នាក់ការ​របស់​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់ Mossad ក្បែរ​ទីក្រុង​ Tel Aviv ដ៏ធំ​បំផុត​របស់​អ៊ីស្រាអែល។

មន្ត្រីអ៊ីស្រាអែលបាននិយាយថា កាំជ្រួចធុនធ្ងន់មួយបានឆ្ពោះទៅកាន់តំបន់ជនស៊ីវិលក្នុងទីក្រុង Tel Aviv មិនមែនទីបញ្ជាការ Mossad មុនពេលត្រូវបានបាញ់ទម្លាក់៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *