បរទេស ៖ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើទីក្រុងបៃរូតបានសម្លាប់មេបញ្ជាការជាន់ខ្ពស់របស់ក្រុមហេសប៊ូឡាកាលពីថ្ងៃអង្គារ ទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ខណៈដែលការវាយប្រហារដោយគ្រាប់រ៉ុក្កែតឆ្លងព្រំដែនដោយភាគីទាំងពីរបានបង្កើនការភ័យខ្លាចនៃសង្រ្គាមពេញទំហឹងនៅមជ្ឈិមបូព៌ា។
យោធាអ៊ីស្រាអែលបាននិយាយថា ការវាយប្រហារតាមអាកាសលើរដ្ឋធានីលីបង់បានសម្លាប់លោក Ibrahim Qubaisi ដែលខ្លួននិយាយថា «ជាមេបញ្ជាការកងកម្លាំងកាំជ្រួច និងរ៉ុក្កែតរបស់ហេសប៊ូឡា»។ ប្រភពសន្តិសុខពីរនៅក្នុងប្រទេសលីបង់បានពណ៌នាគាត់ថា ជាឥស្សរជនឈានមុខគេនៅក្នុងផ្នែករ៉ុក្កែតរបស់ក្រុមគាំទ្រដោយអ៊ីរ៉ង់។
យោធាអ៊ីស្រាអែល ក្រោយមកបាននិយាយថា កងកម្លាំងអាកាសក៏បានធ្វើ «ការវាយប្រហារយ៉ាងទូលំទូលាយ»ទៅលើគោលដៅរបស់ក្រុមហេសប៊ូឡា នៅទូទាំងភាគខាងត្បូងប្រទេសលីបង់ផងដែរ រួមទាំងកន្លែងផ្ទុកអាវុធ និងឧបករណ៍បាញ់រ៉ុក្កែតរាប់សិបគ្រាប់ ដែលសំដៅលើទឹកដីអ៊ីស្រាអែល។
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បាននិយាយថា «ហេសប៊ូឡាថ្ងៃនេះមិនដូចហេសប៊ូឡាដែលយើងបានស្គាល់កាលពីមួយសប្តាហ៍មុននោះទេ។ ពួកវាបានរងការវាយប្រហារជាបន្តបន្ទាប់ចំពោះទីបញ្ជាការ និងការគ្រប់គ្រងរបស់វា អ្នកប្រយុទ្ធ និងមធ្យោបាយប្រយុទ្ធរបស់វា»។ លោកបានប្រាប់ទាហានអ៊ីស្រាអែលថា «ទាំងនេះគឺជាការវាយប្រហារដ៏ធ្ងន់ធ្ងរ»។
រដ្ឋមន្ត្រីសុខាភិបាល Firass Abiad បានប្រាប់ទូរទស្សន៍ Al Jazeera Mubasher TV ថា លីបង់បានរាយការណ៍ថាមនុស្ស ៥៦៩ នាក់ត្រូវបានសម្លាប់និង ១.៨៣៥នាក់ បានរងរបួសចាប់តាំងពីអ៊ីស្រាអែលបានចាប់ផ្តើមការវាយប្រហារយ៉ាងខ្លាំងកាលពីព្រឹកថ្ងៃចន្ទ ក្នុងនោះមានកុមារចំនួន ៥០ នាក់។
ហេសប៊ូឡាបាននិយាយថា ខ្លួនបានបាញ់រ៉ុក្កែតកាលពីថ្ងៃអង្គារទៅលើមូលដ្ឋានយោធា Dado នៅភាគខាងជើងប្រទេសអ៊ីស្រាអែល ហើយបានវាយប្រហារមូលដ្ឋានទ័ពជើងទឹក Atlit ភាគខាងត្បូងទីក្រុង Haifa ជាមួយនឹងដ្រូនក្នុងចំណោមគោលដៅផ្សេងទៀត។
យោធាអ៊ីស្រាអែលបាននិយាយថា ស៊ីរ៉ែនបានបន្លឺឡើងនៅពេលល្ងាចនៅភាគខាងជើងទីក្រុង Safed ជាកន្លែងដែលមូលដ្ឋាន Dado ស្ថិតនៅ និងតំបន់ក្បែរនោះ។ យោធាមិនបានបញ្ជាក់ថាតើមូលដ្ឋានត្រូវបានវាយចំឬអត់ទេ៕(ប្រែសម្រួលដោយ លោកសំណាង)