បរទេស ៖ យោងតាមអាជ្ញាធរបានឱ្យដឹងថា អ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសប្រឆាំងនឹងគោលដៅក្រុមហេសប៊ូឡាជាងមួយពាន់កន្លែងកាលពីថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាឱ២០២៤ម្សិលមិញ ដោយសម្លាប់មនុស្ស៤៩២នាក់ និងរាប់ម៉ឺននាក់ត្រូវភៀសខ្លួនចេញដើម្បីសុវត្ថិភាពនៅថ្ងៃដែលមានមនុស្សស្លាប់ច្រើនបំផុតក្នុងប្រទេសលីបង់ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។
បន្ទាប់ពីមានការបាញ់ផ្លោងឆ្លងព្រំដែនដ៏ធ្ងន់បំផុតមួយចំនួនចាប់តាំងពីអរិភាពបានផ្ទុះឡើងកាលពីខែតុលា អ៊ីស្រាអែលបានព្រមានប្រជាជនក្នុងប្រទេសលីបង់ឱ្យជម្លៀសចេញពីតំបន់ដែលខ្លួននិយាយថា ជាកន្លែងដែលចលនាប្រដាប់អាវុធហេសប៊ូឡាកំពុងរក្សាទុកអាវុធ។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានផ្ញើសេចក្តីថ្លែងការណ៍ជាវីដេអូខ្លីមួយទៅកាន់ប្រជាជនលីបង់ ដោយនិយាយថា «សង្រ្គាមរបស់អ៊ីស្រាអែលមិនមែនជាមួយអ្នកទេ គឺជាមួយក្រុមហេសប៊ូឡា។ អស់រយៈពេលជាយូរមកហើយដែលហេសប៊ូឡាបានប្រើអ្នកជាខែល»។
លោក Nasser Yassin រដ្ឋមន្ត្រីលីបង់ដែលសម្របសម្រួលការឆ្លើយតបវិបត្តិ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា ទីជម្រកបណ្តោះអាសន្នចំនួន ៨៩ នៅក្នុងសាលារៀន និងកន្លែងផ្សេងទៀតត្រូវបានដំណើរការ ដោយមានសមត្ថភាពសម្រាប់មនុស្សជាង ២៦.០០០ នាក់ ខណៈដែលជនស៊ីវិលបានភៀសខ្លួនចេញពី «អំពើឃោរឃៅរបស់អ៊ីស្រាអែល»។
បន្ទាប់ពីសង្រ្គាមប្រឆាំងនឹងក្រុមហាម៉ាស់ជិតមួយឆ្នាំនៅតំបន់ហ្គាហ្សានៅព្រំដែនភាគខាងត្បូងរបស់ខ្លួន អ៊ីស្រាអែលកំពុងងាកមកផ្តោតលើព្រំដែនភាគខាងជើង ជាកន្លែងដែលក្រុមហេសប៊ូឡាដែលគាំទ្រដោយអ៊ីរ៉ង់បាននិងកំពុងបាញ់គ្រាប់រ៉ុក្កែតចូលទៅក្នុងប្រទេសអ៊ីស្រាអែលរាល់ថ្ងៃដើម្បីគាំទ្រក្រុមហាម៉ាស់ដែលគាំទ្រដោយអ៊ីរ៉ង់ផងដែរ។
យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានវាយប្រហារក្រុមហេសប៊ូឡា នៅភាគខាងត្បូង ខាងកើត និងខាងជើងនៃប្រទេសលីបង់។
ក្រសួងសុខាភិបាលលីបង់បាននិយាយថា មនុស្សយ៉ាងហោចណាស់ ៤៩២នាក់បានស្លាប់ក្នុងនោះមានកុមារ ២៤នាក់និងស្ត្រី ៤២នាក់ និងរបួស ១.៦៤៥នាក់។ មន្ត្រីលីបង់ម្នាក់បាននិយាយថា វាជាចំនួនអ្នកស្លាប់ប្រចាំថ្ងៃខ្ពស់បំផុតរបស់ប្រទេសលីបង់ ដោយសារអំពើហិង្សា ចាប់តាំងពីសង្គ្រាមស៊ីវិលឆ្នាំ ១៩៧៥-១៩៩០៕(ប្រែសម្រួលដោយ លោកសំណាង)