ត្រាំនឹងមិនឈរឈ្មោះបោះឆ្នោតឆ្នាំ២០២៨ទេ បើចាញ់ការបោះឆ្នោតអាមេរិកខែវិច្ឆិកាខាងមុខ

អាមេរិក ៖ លោក ដូណាល់ ត្រាំ មកពីគណបក្សសាធារណរដ្ឋ​ បានច្រានចោលការឈរឈ្មោះម្តងទៀតនៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០២៨ ប្រសិនបើគាត់ចាញ់នៅក្នុងកាបោះឆ្នោតខែវិច្ឆិកាខាងមុខនេះ ។ នេះបើយោងតាមបទសម្ភាសន៍ដែលបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យ ទី២២ កញ្ញាឆ្នាំ២០២៤ ។

ឆ្លើយតបទៅនឹងសំណួរថាតើគាត់នឹងឈរឈ្មោះម្តងទៀតទេ ប្រសិនបើគាត់ចាញ់នោះ អតីតប្រធានាធិបតីអាយុ ៧៨ឆ្នាំរូបនេះបានប្រាប់កម្មវិធីព័ត៌មានរបស់សហរដ្ឋអាមេរិក Full Measure ថា «ទេ ខ្ញុំមិនឈរឈ្មោះទេ។ ខ្ញុំគិតថាវានឹងចប់ហើយ។ ខ្ញុំមិនឃើញរឿងនោះកើតឡើងទាល់តែសោះ»។

ទោះយ៉ាងណាក៏ដោយ មហាសេដ្ឋីរូបនេះបាននិយាយថា គាត់សង្ឃឹមថានឹង «ជោគជ័យ»នៅក្នុងការបោះឆ្នោតនៅថ្ងៃទី ៥ ខែវិច្ឆិកាឆ្នាំ២០២៤ខាងមុខ។

បច្ចុប្បន្នលោកត្រាំកំពុងប្រជែងជាមួយបេក្ខនារីមកពីគណបក្សប្រជាធិបតេយ្យគឺអនុប្រធានាធិបតី កាម៉ាឡា ហារីស រួមទាំងនៅក្នុងរដ្ឋសមរភូមិសំខាន់ៗ ដែលជារឿយៗសម្រេចឈ្នះចាញ់ក្នុងការបោះឆ្នោតប្រកៀកប្រកិតរបស់អាមេរិក។

គណបក្ស​ប្រជាធិបតេយ្យ​បាន​ឃើញ​មាន​ការ​គាំទ្រ​ឡើង​វិញ​បន្ទាប់​ពី​ការ​ដក​លោក​ប្រធានាធិបតី ចូ បៃដិន ពីបេក្ខភាព​របស់​ខ្លួន​កាលពីខែ​កក្កដា ក្រោយពី​មាន​ការ​ជជែក​ដេញ​ដោល​ដ៏​មហន្តរាយ​ទល់នឹង​លោកត្រាំ៕(ប្រែសម្រួលដោយ​ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *