អាមេរិក ៖ ក្រសួងយុត្តិធម៌អាមេរិកបានដាក់ពាក្យបណ្ដឹងកាលពីថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០២៤ បានទាមទារសំណងជាង ១០០លានដុល្លារពីម្ចាស់ និងប្រតិបត្តិករនាវាដឹកទំនិញសិង្ហបុរី ដែលបានបំផ្លាញស្ពាននៅ Baltimore ។
នាវា M/V Dali ប្រវែង ៣០០ ម៉ែត្រ បានបុកជាមួយស្ពាន Francis Scott Key កាលពីថ្ងៃទី ២៦ ខែមីនាឆ្នាំ២០២៤ដោយបានសម្លាប់កម្មករសាងសង់ចំនួន ៦ នាក់ និងបណ្តាលឱ្យគាំងច្រកដឹកជញ្ជូនដ៏មមាញឹក។
បណ្តឹងរដ្ឋប្បវេណីប្រឆាំងនឹងក្រុមហ៊ុន Grace Ocean Private និង Synergy Marine Private ត្រូវបានដាក់នៅតុលាការស្រុកនៃសហរដ្ឋអាមេរិកសម្រាប់ស្រុក Maryland ។
អគ្គរដ្ឋអាជ្ញាលោក Merrick Garland បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ក្រសួងយុត្តិធម៌មានការប្តេជ្ញាចិត្តក្នុងការធានានូវការទទួលខុសត្រូវចំពោះអ្នកដែលទទួលខុសត្រូវចំពោះការបំផ្លិចបំផ្លាញស្ពាន Francis Scott Key»។
«ជាមួយនឹងការទាមទារសំណងរដ្ឋប្បវេណីនេះ ក្រសួងយុត្តិធម៌កំពុងធ្វើការដើម្បីធានាថា ការចំណាយលើការសម្អាតច្រកសមុទ្រ និងការបើកកំពង់ផែ Baltimore ឡើងវិញត្រូវបានទទួលខុសត្រូវដោយក្រុមហ៊ុនដែលបណ្តាលឱ្យបាក់ស្ពាន មិនមែនដោយអ្នកជាប់ពន្ធអាមេរិកនោះទេ»។
ក្រសួងយុត្តិធម៌បាននិយាយថា បណ្តឹងនេះមានគោលបំណងស្តារមកវិញនូវការចំណាយជាង ១០០ លានដុល្លារអាមេរិកដែលបានកើតឡើងក្នុងការឆ្លើយតបនឹងគ្រោះមហន្តរាយ និងសម្រាប់ការយកកម្ទេចកម្ទីស្ពានរាប់តោន។
នាវា Dali បានដាច់ថាមពលអគ្គិសនីខណៈពេលកំពុងចាកចេញពីកំពង់ផែ Baltimore ទៅកាន់ប្រទេសស្រីលង្កាហើយបានបុកស្ពានតែម្តង។
អគ្គរដ្ឋអាជ្ញារងលោក Benjamin Mizer បាននិយាយថា ម្ចាស់ និងប្រតិបត្តិករនៃនាវា Dali «ដឹងយ៉ាងច្បាស់អំពីបញ្ហារំញ័រនៅលើនាវាដែលអាចបណ្តាលឱ្យដាច់ចរន្តអគ្គិសនី។ ប៉ុន្តែជំនួសឱ្យចាត់វិធានការប្រុងប្រយ័ត្នជាចាំបាច់ ពួកគេបែរជាធ្វើផ្ទុយពីនេះទៅវិញ»។
លោក Mizer បាននិយាយថា «ដោយការធ្វេសប្រហែស ការគ្រប់គ្រងមិនត្រឹមត្រូវ និងជួនកាល ដោយបំណងកាត់បន្ថយការចំណាយ ពួកគេបានកែប្រព័ន្ធអគ្គិសនី និងមេកានិករបស់នាវាតាមរបៀបដែលរារាំងប្រព័ន្ធទាំងនោះមិនឱ្យអាចស្តារកម្លាំង និងចង្កូតបានយ៉ាងឆាប់រហ័សបាន បន្ទាប់ពីដាច់ចរន្តអគ្គិសនី។ ជាលទ្ធផល នៅពេលដែលនាវា Dali ដាច់អគ្គិសនី ការគាំងប្រព័ន្ធជាបន្តបន្ទាប់បាននាំទៅរកគ្រោះមហន្តរាយ»។
បណ្តឹងរបស់ក្រសួងយុត្តិធម៌បានធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន Grace Ocean និង Synergy Marine បានដាក់ពាក្យបណ្តឹងតាមផ្លូវច្បាប់ដោយខ្លួនឯងកាលពីដើមឆ្នាំនេះ ដោយស្វែងរកការកំណត់ការទទួលខុសត្រូវរបស់ពួកគេត្រឹមតែ៤៤ លានដុល្លារអាមេរិកប៉ុណ្ណោះ៕(ប្រែសម្រួលដោយ លោកសំណាង)