ឥណ្ឌូនេស៊ី ៖ នៅក្នុងអ្វីដែលអ្នកស្រុកមួយចំនួនលើកឡើងថាជា «ការកកស្ទះចរាចរណ៍ដ៏អាក្រក់បំផុត»មិនធ្លាប់ជួបអ្នកដើរសម្រាកលំហែកាយនៅតំបន់ភ្នំ Puntak ក្នុងខេត្តឈ្វាខាងលិចរបស់ប្រទេសឥណ្ឌូនេស៊ី បានជាប់គាំងនៅលើដងផ្លូវលើសពី ១៤ ម៉ោង។
ការស្ទះចរាចរណ៍ «ដ៏រន្ធត់»នេះបានកើតឡើងកាលពីចុងសប្តាហ៍ដ៏វែងដែលបានបញ្ចប់កាលពីថ្ងៃចន្ទ ទី១៦ កញ្ញាឆ្នាំ២០២៤ ដើម្បីរំលឹកដល់ថ្ងៃកំណើតរបស់ព្យាការី Muhammad ។ វាជាថ្ងៃឈប់សម្រាកសាធារណៈនៅប្រទេសឥណ្ឌូនេស៊ី។
រូបថតចែករំលែកយ៉ាងទូលំទូលាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញរថយន្តតកន្ទុយគ្នារដឹក សូម្បីតែអ្នកបើកបរក៏ត្រូវបិទម៉ាស៊ីន ចេញទៅអង្គុយខាងក្រៅ ឬដេកក្បែរផ្លូវដែរ ដោយអ្នកខ្លះថែមទាំងមានពូកចល័តក្នុងដៃទៀតផង។
អ្នកស្រុកម្នាក់ឈ្មោះថា Ade បានប្រាប់សារព័ត៌មាន Detik កាលពីថ្ងៃទី១៦ ខែកញ្ញាថា «យើងស៊ាំនឹងការកកស្ទះចរាចរណ៍នៅ Puncak ហើយ។ ប៉ុន្តែជាធម្មតាវាលែងស្ទះបន្ទាប់ពីពីរបីម៉ោង។ ឥឡូវនេះខ្ញុំជាប់គាំងប្រហែល ១៤ ម៉ោងតាំងពីរសៀលម្សិលមិញរហូតដល់ព្រឹកនេះ»។
អ្នកស្រុកម្នាក់ទៀតឈ្មោះ Yuli បាននិយាយថា វាជា «លើកទីមួយក្នុងជីវិតរបស់នាងខ្ញុំ»ដែលត្រូវជាប់ក្នុងចរាចរណ៍ក្នុងរយៈពេលដ៏យូរបែបនេះ៕(ប្រែសម្រួលដោយ លោកសំណាង)