វៀតណាម ៖ ក្រសួងធនធានធម្មជាតិ និងបរិស្ថានបាននិយាយកាលពីថ្ងៃអាទិត្យថា វៀតណាមភាគខាងជើង និងភាគកណ្តាលអាចនឹងប្រឈមមុខនឹងឥទ្ធិពលព្យុះទីហ្វុងមួយ ឬពីរបន្ថែមទៀតមុនដំណាច់ខែកញ្ញានេះ។
យោងតាមក្រសួង ព្យុះនេះនឹងវិវត្តនៅសមុទ្រចិនខាងត្បូង ហើយទំនងប៉ះពាល់ដល់តំបន់ភាគខាងជើង និងភាគកណ្តាលនៃប្រទេសវៀតណាម។ ក្រសួងក៏បានព្រមានអំពីហានិភ័យទឹកជំនន់សម្រាប់វៀតណាមភាគកណ្តាលក្នុងខែតុលា និងវិច្ឆិកាផងដែរ។
បណ្តាទីភ្នាក់ងារឧតុនិយមបានព្យាករណ៍ថា «នឹងមានភ្លៀងធ្លាក់បន្តយ៉ាងខ្លាំងពាសពេញប្រទេសវៀតណាមក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ»។ រដូវវស្សាត្រូវគេរំពឹងថានឹងចាប់ផ្តើមនៅភាគកណ្តាលប្រទេសវៀតណាមនៅពាក់កណ្តាលខែកញ្ញា ដោយតំបន់ភាគខាងជើងអាចមានភ្លៀងធ្លាក់រហូតដល់ ៤០% ច្រើនជាងមធ្យមភាគតាមរដូវ។ ភ្លៀងធ្លាក់នៅតំបន់ភាគខាងជើង និងភាគកណ្តាលអាចមានរហូតដល់ ៣០% លើសពីមធ្យមភាគក្នុងឆ្នាំមុន។
មកទល់ពេលនេះ ព្យុះចំនួនបីហើយបានធ្វើដំណើរឆ្លងកាត់សមុទ្រចិនខាងត្បូង។ ព្យុះទីហ្វុង Yagi ថ្មីៗនេះបានបោកបក់នៅខេត្ត Quang Ninh ជាកន្លែងនៃឆ្នេរបេតិកភណ្ឌរបស់ UNESCO គឺឆ្នេរ Ha Long Bay កាលពីថ្ងៃទី ៧ ខែកញ្ញាបង្កជាទឹកជំនន់ និងការរអិលបាក់ដី ដែលសម្លាប់មនុស្សយ៉ាងហោចណាស់ ២៩២ នាក់ និង ៣៨ នាក់ទៀតបាត់ខ្លួន និងផ្ទះ ៧៣.០០០ ខ្នងរងការខូចខាតនៅភាគខាងជើងប្រទេសវៀតណាម។
នៅក្នុងការព្យាករណ៍ខែឧសភា មជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករណ៍ធនធានជលសាស្ត្របានព្យាករណ៍ថា «នឹងមានព្យុះ និងវិសម្ពាធត្រូពិចចំនួន ១៣ នៅសមុទ្រចិនខាងត្បូងក្នុងឆ្នាំនេះ ដោយក្នុងនោះព្យុះ ៥-៧ ទំនងជាប៉ះពាល់ដល់ប្រទេសវៀតណាម ជាចម្បងនៅចន្លោះខែកញ្ញាដល់ខែវិច្ឆិកា»។
សប្តាហ៍នេះ ភាគខាងជើងវៀតណាមត្រូវបានរំពឹងថានឹងមានភ្លៀងធ្លាក់តិចតួច។ ទោះបីជាយ៉ាងណាក៏ដោយ តំបន់មួយចំនួន ជាពិសេស Lao Cai, Yen Bai, Phu Tho, Quang Ninh និង Hai Phong អាចនឹងមានភ្លៀងធ្លាក់រហូតដល់កម្រិត ៥០ មិល្លីម៉ែត្រ រហូតដល់ថ្ងៃអង្គារ៕(ប្រែសម្រួលដោយ លោកសំណាង)