ត្រាំមានសុវត្ថិភាព ក្រោយមានការបាញ់ប្រហារ ក្នុងទីលានវាយកូនហ្គោលរបស់គាត់នៅផ្លរីដា

អាមេរិក ៖ បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ មានសុវត្ថិភាពកាលពីថ្ងៃអាទិត្យទី ១៥ ខែកញ្ញាឆ្នាំ២០២៤ បន្ទាប់ពី FBI បានរារាំងអ្វីដែលហាក់ជាការប៉ុនប៉ងធ្វើឃាត ខណៈដែលលោកកំពុងវាយកូនហ្គោលនៅលើទីលានរបស់គាត់នៅទីក្រុង West Palm Beach រដ្ឋផ្លរីដា។

ក្រុមមន្ត្រីអនុវត្តច្បាប់បាននិយាយថា ភ្នាក់ងារសេវាស៊ើបការណ៍សម្ងាត់បានប្រទះឃើញ និងបាញ់ឆ្មក់ទៅលើខ្មាន់កាំភ្លើងនៅក្នុងគុម្ពោតព្រៃក្បែរទីលានវាយកូនហ្គោល ដែលមានចម្ងាយពីរបីរយម៉ែត្រពីកន្លែងដែលលោកត្រាំកំពុងលេង។

ជនសង្ស័យ​បាន​បន្សល់ទុក​កាំភ្លើងស្ទីល AK-47 មួយដើម និង​សម្ភារមួយចំនួនទៀត​នៅ​កន្លែងកើតហេតុ ហើយ​ជិះ​រថយន្ត​គេចខ្លួន ប៉ុន្តែ​ក្រោយមក​ត្រូវបាន​ចាប់ខ្លួន​។

ការប៉ុនប៉ងជាក់ស្តែងលើជីវិតរបស់លោកត្រាំបានកើតឡើងត្រឹមតែ ២ ខែប៉ុណ្ណោះបន្ទាប់ពីគាត់ត្រូវបានគេបាញ់នៅឯការប្រមូលផ្តុំយុទ្ធនាការមួយក្នុងរដ្ឋ Pennsylvania ដោយបានរងរបួសតិចតួចនៅត្រង់ត្រចៀកស្តាំរបស់គាត់។

ឧបទ្ទវហេតុទាំងពីរនេះបង្ហាញពីបញ្ហាប្រឈមក្នុងការរក្សាសុវត្ថិភាពដល់បេក្ខជនប្រធានាធិបតីនៅក្នុងយុទ្ធនាការបោះឆ្នោតដ៏ក្តៅគគុក និងមានភាពចម្រូងចម្រាសបំផុត​ ដោយសល់តែជាង ៧ សប្តាហ៍ប៉ុណ្ណោះនឹងឈានដល់ថ្ងៃបោះឆ្នោត ៥ វិច្ឆិកា។

គេមិនច្បាស់ទេថាតើ ឬតាមរបៀបណាដែលជនសង្ស័យដឹងថាលោកត្រាំកំពុងលេងកូនហ្គោលនៅពេលនោះ ប៉ុន្តែការប៉ុនប៉ងវាយប្រហារនេះប្រាកដជានឹងលើកឡើងនូវសំណួរថ្មីៗអំពីកម្រិតនៃការការពារដែលគាត់ត្រូវបានផ្តល់ឱ្យ។

CNN, Fox News និង The New York Times បានកំណត់អត្តសញ្ញាណជនសង្ស័យថាឈ្មោះ Ryan Wesley Routh អាយុ ៥៨ ឆ្នាំមកពីរដ្ឋ Hawaii ដោយស្រង់សម្តីពីមន្ត្រីអនុវត្តច្បាប់សុំមិនបញ្ចេញឈ្មោះ។ FBI បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានរកឃើញប្រវត្តិរូបនៅលើ X, Facebook និង LinkedIn សម្រាប់ Ryan Routh ដែលហាក់ដូចជាបុរសដែលគេកំណត់ថាជាជនសង្ស័យដោយស្ថាប័នព័ត៌មានទាំងនោះ។

រ៉យទ័រមិនអាចបញ្ជាក់បានថាទាំងនេះជាគណនីរបស់ជនសង្ស័យទេ ហើយភ្នាក់ងារអនុវត្តច្បាប់បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ប៉ុន្តែការចូលប្រើប្រាស់ជាសាធារណៈទៅកាន់ Profile Facebook ត្រូវបានដកចេញប៉ុន្មានម៉ោងបន្ទាប់ពីការបាញ់ប្រហារ។

គណនីទាំងបីដែលមានឈ្មោះរបស់ Routh បង្ហាញថាគាត់ជាអ្នកគាំទ្រអ៊ុយក្រែនក្នុងសង្គ្រាមប្រឆាំងនឹងរុស្ស៊ី។ នៅក្នុងសារបង្ហោះជាច្រើន គាត់ហាក់ដូចជាព្យាយាមជួយជ្រើសរើសទាហានសម្រាប់កិច្ចខិតខំប្រឹងប្រែងសង្រ្គាមរបស់អ៊ុយក្រែន៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *