នាយករដ្ឋមន្ត្រីថៃចុះទៅតំបន់រងគ្រោះទឹកជំនន់ និងសន្យាជួយពលរដ្ឋឱ្យប្រសើរឡើងវិញ

ថៃ​ ៖ ក្នុងអំឡុងពេលលោកស្រីចុះទៅមើលស្រុក Mae Sai ដែលរងគ្រោះដោយទឹកជំនន់ធ្ងន់ធ្ងរក្នុងខេត្តឈៀងរ៉ៃកាលពីថ្ងៃទី ១៣ ខែកញ្ញាឆ្នាំ២០២៤ នាយករដ្ឋមន្ត្រី ផែតុងតាន ស៊ីណាវ៉ាត់​​ (Paetongtarn Shinawatra) បានគូសបញ្ជាក់ពីការបំផ្លិចបំផ្លាញដែលនាំមកដោយព្យុះទីហ្វុង Yagi ដែលបានបោកបក់នៅប្រទេសវៀតណាមកាលពីបួនថ្ងៃមុន។

លោកស្រីបានចុះទៅភាគខាងជើងប្រទេសដើម្បីថ្លែងអំណរគុណដោយផ្ទាល់ដល់អ្នកស្ម័គ្រចិត្ត ដែលបានធ្វើការមិនចេះនឿយហត់ ដើម្បីជួយអ្នកដែលត្រូវការជំនួយ និងទទួលព័ត៌មានសង្ខេបអំពីស្ថានភាព។

លោកស្រីនិយាយ​ថា ព្រះមហាក្សត្រ​ក៏​បាន​ថ្លែងអំណរគុណ​ដល់​អ្នក​ស្ម័គ្រ​ចិត្ត​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង និង​ការ​លះបង់​របស់​ពួកគេដែរ​។

ជាមួយគ្នានេះដែរ មន្ត្រីយោធាបានរាយការណ៍ថា កងកម្លាំង និងក្រុមប្រតិបត្តិការពិសេស ត្រូវបានដាក់ពង្រាយ ដើម្បីជួយដល់អ្នកដែលជាប់គាំង និងអ្នកដែលត្រូវបានកាត់ផ្តាច់ពីការផ្គត់ផ្គង់ស្បៀងអាហារ។ តំបន់ខ្លះអាចចូលបានតែតាមម៉ូតូទឹក និងឧទ្ធម្ភាគចក្រប៉ុណ្ណោះ ដែលទាមទារបុគ្គលិកជំនាញ។

ទន្ទឹមនឹងនេះ កងទ័ពជើងទឹកបានដាក់ពង្រាយរថពាសដែកអាចចុះទឹកបាន ដើម្បីជួយមនុស្សជាង ៣០០ នាក់ដែលជាប់គាំងនៅតំបន់ដាច់ស្រយាល។

ក្នុង​ដំណើរ​នេះ លោកស្រីផែតុងតាន បាន​ទៅមើល​ស្ពាន​មិត្តភាព​ថៃ​-​មី​យ៉ាន់​ម៉ាដំបូង​ឆ្លងកាត់​ទន្លេ Sai ។ ទោះបីជាកម្រិតទឹកបានស្រកចុះក៏ដោយ ក៏ភក់ និងកម្ទេចកម្ទីជាច្រើននៅតែជះឥទ្ធិពលដល់តំបន់សេដ្ឋកិច្ចដ៏សំខាន់មួយនេះ។

នាយករដ្ឋមន្ត្រីក៏បានជួបជាមួយប្រជាពលរដ្ឋ ដែលបង្ហាញទឹកមុខអស់សង្ឃឹម។ លោកស្រីបានផ្តល់ការលួងលោម ឱបពួកគេ និងទទួលការឆ្លើយតបវិញដ៏រំជើបរំជួល។ អ្នកស្រុកម្នាក់បានប្រកាសថា​ «គ្រាន់តែការឱបពីនាយករដ្ឋមន្ត្រីគឺគ្រប់គ្រាន់ហើយ»។

នាយករដ្ឋមន្ត្រីតបវិញថា «ការណ៍នេះក៏ផ្តល់កម្លាំងចិត្តដល់ខ្ញុំវិញដែរ។ ខ្ញុំនឹងត្រឡប់ទៅធ្វើការវិញភ្លាម និងមើលថាតើសំណងអ្វីអាចផ្តល់ឱ្យបាន»។

លោកស្រីក៏បានឆ្លើយតបទៅនឹង «ការជំរុញរបស់អ្នកស្រុកកុំឱ្យនាយករដ្ឋមន្ត្រីបំភ្លេចពួកគាត់»ផងដែរ ដោយនិយាយថា «ខ្ញុំនឹងមិនបោះបង់អ្នករាល់គ្នាទេ»។

លោកស្រីបានសន្យាជាមួយពួកគេថា រដ្ឋាភិបាលរបស់លោកស្រីនឹងផ្តល់ការគាំទ្រ ដើម្បីជួយពួកគេឱ្យធូរស្បើយឡើងវិញ និងបានរំលឹកពួកគេថា ទោះបីជាពួកគេបាត់បង់ទ្រព្យក៏ដោយ «ក៏ប៉ុន្តែអ្នកនៅតែមានជីវិត និងកម្លាំងដើម្បីបន្តតស៊ូទៅមុខ»។(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *