អាមេរិក ៖ លោកប្រធានាធិបតី ចូ បៃដិន, អនុប្រធានាធិបតី កាម៉ាឡា ហារីស និងអតីតប្រធានាធិបតី ដូណាល់ ត្រាំបានបង្ហាញខ្លួនរួមគ្នាដ៏កម្រកាលពីថ្ងៃពុធនៅឯទីតាំងវាយប្រហារតាមយន្តហោះកាលពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០០១ក្នុងទីក្រុងញូវយ៉ក ដែលបានសម្លាប់មនុស្សជិត ៣.០០០ នាក់។
លោកស្រី ហារីស ដែលជាបេក្ខនារីប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យ និងលោកត្រាំ ដែលជាគូប្រជែងខាងគណបក្សសាធារណរដ្ឋរបស់លោកស្រីនៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកកាលពីថ្ងៃទី ៥ ខែវិច្ឆិកាខាងមុខនេះ បានចាប់ដៃគ្នា និងផ្តោះផ្តងពាក្យសម្តីពីរបីម៉ាត់ បើទោះបីជាមានការជជែកដេញដោលគ្នាតឹងសរសៃកកាលពីយប់មុននោះក៏ដោយ បន្ទាប់មកបានតម្រង់ជួរសម្រាប់ពិធីរំលឹកវិញ្ញាណខន្ធ។ សមាជិកព្រឹទ្ធសភា លោក JD Vance ជាដៃគូបេក្ខជនអនុប្រធានាធិបតីរបស់លោកត្រាំ ក៏បានចូលរួមផងដែរ។
មិនមានការថ្លែងជាផ្លូវការនៅឯ «ដែនដីសូន្យ»កន្លែងដែលយន្តហោះបានពង្រាបប៉មភ្លោះនៃមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកនោះទេ។ ផ្ទុយទៅវិញ ប្រពន្ធ ប្តី បងប្អូនស្រីប្រុស និង ចៅៗ បានអានឈ្មោះសមាជិកគ្រួសារដែលបានស្លាប់កាលពី ២៣ ឆ្នាំមុន។
ពិធីប្រចាំឆ្នាំនេះគឺធ្វើឡើងដើម្បីរំលឹកដល់ការវាយប្រហារអត្តឃាតដោយពួកសកម្មប្រយុទ្ធអាល់កៃដា ដែលបានហោះហើរយន្តហោះពីរគ្រឿងបំបុកចូលទៅក្នុងអគារមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក និងមួយគ្រឿងទៀតចូលទៅក្នុងមន្ទីរបញ្ចកោណ។ យន្តហោះទីបួនបានធ្លាក់នៅទីវាលក្នុងរដ្ឋ Pennsylvania បន្ទាប់ពីអ្នកដំណើរបានសម្រុកចូលបន្ទប់បើកបរ៕(ប្រែសម្រួលដោយ លោកសំណាង)