បរទេស ៖ អាជ្ញាធរការពារជនស៊ីវិលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់បាននិយាយថា យ៉ាងហោចណាស់មនុស្ស៤០ នាក់ត្រូវបានស្លាប់នៅភាគខាងត្បូងហ្គាហ្សា និងរាប់សិបនាក់ទៀតរងរបួសនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលទៅលើតំបន់មនុស្សធម៌។
យោធាអ៊ីស្រាអែលបាននិយាយថា យន្តហោះរបស់ខ្លួនបានវាយប្រហារមជ្ឈមណ្ឌលប្រតិបត្តិការមួយនៅទីក្រុង Khan Younis ដែលជាកម្មសិទ្ធិរបស់ក្រុមយុទ្ធជនហាម៉ាស់ ហើយថាខ្លួនបានចាត់វិធានការកាត់បន្ថយហានិភ័យនៃការបង្កគ្រោះថ្នាក់ដល់ជនស៊ីវិលហើយ។
អ្នកស្រុកបាននិយាយថា ការវាយប្រហារចំនួនបីបានផ្តោតគោលដៅទៅលើតង់លំនៅឋានរបស់ប្រជាជនដែលផ្លាស់ទីលំនៅនៅក្នុងតំបន់មនុស្សធម៌ al-Mawasi ភាគខាងលិចទីក្រុង Khan Younis ដោយបណ្តាលឱ្យមានរណ្ដៅធំៗ។
នាយកប្រតិបត្តិនៃអាជ្ញាធរការពារជនស៊ីវិលរបស់ក្រុមហាម៉ាស់បានប្រាប់ BBC ថា «មានមនុស្ស ៤០ នាក់បានស្លាប់និងជាង ៦០ នាក់បានរងរបួស ខណៈមនុស្សជាច្រើននៅតែស្ថិតនៅក្រោមគំនរបាក់បែក»។
សាក្សីដែលបានឃើញផ្ទាល់ភ្នែកបានប្រាប់ BBC ថា ការផ្ទុះដ៏ធំបានអង្រួនតំបន់ al-Mawasi ភ្លាមៗបន្ទាប់ពីពាក់កណ្តាលអធ្រាត្រ ហើយគេអាចមើលឃើញអណ្តាតភ្លើងសន្ធោសន្ធៅ។
លោក Khaled Mahmoud អ្នកស្ម័គ្រចិត្តសម្រាប់អង្គការសប្បុរសធម៌ដែលរស់នៅក្បែរកន្លែងវាយប្រហារនោះ បាននិយាយថា «គាត់ និងអ្នកស្ម័គ្រចិត្តផ្សេងទៀតបានប្រញាប់ប្រញាល់ទៅជួយ ប៉ុន្តែមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះទំហំនៃគ្រោះមហន្តរាយនេះ»។
លោក Mahmoud បាននិយាយថា «ការវាយប្រហារនេះបានបង្កើតរណ្ដៅចំនួនបី ជម្រៅប្រាំពីរម៉ែត្រ និងបានកប់តង់ជាង២០»។
វីដេអូបានបង្ហាញជនស៊ីវិលជីកខ្សាច់ដោយដៃទទេក្នុងការប៉ុនប៉ងជួយសង្គ្រោះប្រជាជនប៉ាឡេស្ទីនពីរណ្តៅជ្រៅដែលបង្កឡើងដោយការវាយប្រហារតាមអាកាស៕(ប្រែសម្រួលដោយ លោកសំណាង)