ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ត្រូវបានសមត្ថកិច្ចជំនាញឃាត់ខ្លួន នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចលើផ្លូវបេតុង ភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ពីបទជាប់សង្ស័យធ្វើសកម្មភាពលួចរថយន្ត២គ្រឿងកាលពីពេលថ្មីៗកន្លងទៅ ។
សមត្ថកិច្ចនិយាយថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ, កម្លាំងនគរបាលជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និង នគរបាលខណ្ឌទាំង១៤ បានស្រាវជ្រាវបង្ក្រាបករណីលួចរថយន្ដ២គ្រឿង ដែលកើតឡើងនៅភូមិសាស្ដ្រសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤នេះ បញ្ជាក់ថា ហេតុការណ៍បាត់រថយន្ដនេះ បានកើតឡើងនៅថ្ងៃទី០៤ និង ទី០៧ ខែកញ្ញាឆ្នាំ២០២៤ ដោយជនសង្ស័យបានលួចរថយន្ដម៉ាក HYUNDAI STAREX ពណ៌ស ផលលិតឆ្នាំ២០០៨ ពាក់ស្លាកលេខព្រះសីហនុ 2C-2688 នៅចំណុចលើផ្លូវបេតុង បុរីញូថោន ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ និងម៉ាក TOYOTA TACOMA ពណ៌ទឹកប្រាក់ ឆ្នាំផលិត២០០២ ពាក់ស្លាកលេខភ្នំពេញ 2AA-1149 នៅចំណុចលើផ្លូវបេតុង មុខផ្ទះគ្មានលេខ ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ប្រភពបន្តថា ជនរងគ្រោះជាម្ចាស់រថយន្តរួមមាន ១-ឈ្មោះDal Jinhu ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរពាណិជ្ជករស្នាក់នៅបុរីញូថោន ភូមិទ្រា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ និង ២-ឈ្មោះលី ហេង ភែតប្រុសអាយុ៣៥ឆ្នាំ មុខរបរយោធា ស្នាក់នៅសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។
សមត្ថកិច្ចបន្តថា រហូតដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និង នគរបាលខណ្ឌទាំង១៤ បានស្រាវជ្រាវ និងឈានដល់ការចាប់ខ្លួនជនសង្ស័យជនជាតិចិនម្នាក់ នៅចំណុចលើផ្លូវបេតុង ភូមិថ្មដាសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ និងដកហូតបានវត្ថុតាង រថយន្តទាំង២គ្រឿង ដែលជារបស់ជនរងគ្រោះយកមកការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ ដើម្បីបន្តនីតិវិធី។
សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យឈ្មោះ ZHANG JUN អាយុ៥១ឆ្នាំ មុខរបរមិនពិតប្រាកដ ដកហូតវត្ថុតាងចាប់យកបានរថយន្ត២គ្រឿង ដែលជារបស់ជនរងគ្រោះ ម៉ាក HYUNDAI STAREX ពណ៌ស ផលលិតឆ្នាំ២០០៨ ពាក់ស្លាកលេខព្រះសីហនុ 2C-2688 និងម៉ាក TOYOTA TACOMA ពណ៌ទឹកប្រាក់ ឆ្នាំផលិត២០០២ ពាក់ស្លាកលេខភ្នំពេញ2AA-1149 និងទូរសព្ទដៃ១គ្រឿង។
បច្ចុប្បន្នការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បាមកសាងសំណុំរឿងអនុវត្តតាមនីតិវិធី៕(ដោយ សំណាង)