ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញដឹកនាំក្រុមគ្រូពេទ្យនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃជូនពលរដ្ឋ នៅស្រុកកំចាយមារ


ព្រៃវែង​ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា និងលោកជំទាវ កែ សួនសុភី ស សុខា ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេងបានអញ្ជើញដឹកនាំក្រុមគ្រូពេទ្យនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ នៅក្នុងបរិវេណសាលាបឋមសិក្សាក្របៅចាស់ ស្ថិតក្នុងឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង​ ​នាព្រឹកថ្ងៃចន្ទ ៧កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤នេះ។ 

ថ្លែងក្នុងពិធីនោះ ឯកឧត្តមអភិសន្តិបណ្ឌិតបានមានប្រសាសន៍ថា ក្នុងនាមប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខានិងជំនួសមុខឱ្យពុកម៉ែ បងប្អូនប្រជាពលរដ្ឋក្នុងស្រុកកំចាយមារ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់កម្លាំងកាយចិត្ត និងពេលវេលាដ៏មានតម្លៃរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ពិសេសក៏សូមថ្លែងអំណរគុណចំពោះទឹកចិត្តរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រី សប្បុរជននានា ដែលបានចូលរួមឧបត្ថម្ភដល់ដំណើរការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅស្រុកកំចាយមារ ក៏ដូចជាបណ្តាក្រុង ស្រុកដទៃទៀត។ 

ជាមួយគ្នានេះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏សូមថ្លែងអំណរគុណ និងកោតសរសើរចំពោះឯកឧត្តម លោកជំទាវ ជាក្រុមការងារចុះជួយមូលដ្ឋានស្រុកកំចាយមារ ក៏ដូចជាអាជ្ញាធរដែនដី និងមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានខ្នះខ្នែងជួយសម្របសម្រួល និងរៀបចំកម្មវិធីពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនពលរដ្ឋក្នុងស្រុកកំចាយមារ។ 

ឯកឧត្តមអភិសន្តិបណ្ឌិតបន្ថែមថា សកម្មភាពដ៏ថ្លៃថ្លានេះ សបញ្ជាក់ឱ្យឃើញពីការចូលរួមចំណែកដ៏សំខាន់នៅក្នុងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ក៏ដូចជាចូលរួមកាត់បន្ថយភាពក្រីក្រ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វបំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕(ដោយ អាចារ្យមាស)

Leave a Reply

Your email address will not be published. Required fields are marked *