ព្យុះទីហ្វុង Yagi បំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងរោងចក្រជាច្រើននៅវៀតណាម

វៀតណាម ៖ ព្យុះទីហ្វុង Yagi ដែលជាព្យុះមានឥទ្ធិពលបំផុតរបស់អាស៊ីក្នុងឆ្នាំនេះ ត្រូវបានបន្ទាបមកជាព្យុះត្រូពិចវិញកាលពីថ្ងៃអាទិត្យ ទី៨ ខែកញ្ញា ឆ្នាំ២០២៤បន្ទាប់ពីបានបង្កការបំផ្លិចបំផ្លាញនៅភាគខាងជើងប្រទេសវៀតណាម ជាកន្លែងដែលវាបានបំផ្លាញរោងចក្រ និងហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងមជ្ឈមណ្ឌលឧស្សាហកម្មដែលផ្តោតលើការនាំចេញនេះ។

ទីភ្នាក់ងារឧតុនិយមវៀតណាមបានចេញការបន្ទាបចំណាត់ថ្នាក់កាលពីថ្ងៃអាទិត្យ ប៉ុន្តែបានព្រមានអំពីហានិភ័យជាបន្តនៃទឹកជំនន់ និងការរអិលបាក់ដី ខណៈព្យុះខ្លាំងបំផុតដែលវាយលុកប្រទេសនេះ ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ ផ្លាស់ទីទៅភាគខាងលិច។

កាលពីថ្ងៃសៅរ៍ ព្យុះ Yagi បានបង្អាក់ការផ្គត់ផ្គង់ថាមពល និងទូរគមនាគមន៍នៅក្នុងរដ្ឋធានីហាណូយរបស់វៀតណាមដែលបណ្តាលឱ្យមានទឹកជំនន់យ៉ាងធ្ងន់ធ្ងរ បង្កការដួលរលំដើមឈើរាប់ពាន់ដើម និងបំផ្លាញផ្ទះសម្បែងជាច្រើនខ្នង។

ព្យុះទីហ្វុង និងការបាក់ដីជាបន្តបន្ទាប់បានសម្លាប់មនុស្ស ២១ នាក់នៅក្នុងប្រទេសវៀតណាម និង ២២៩ នាក់រងរបួស ។នេះបើយោងតាមការប៉ាន់ស្មានបឋមរបស់រដ្ឋាភិបាល បន្ទាប់ពីបានឆក់យកជីវិតមនុស្ស ៤ នាក់នៅលើកោះហៃណានភាគខាងត្បូងប្រទេសចិន និង ២០ នាក់នៅក្នុងប្រទេសហ្វីលីពីន ដែលជាប្រទេសដំបូងរងការវាយប្រហារដោយព្យុះនេះ កាលពីមួយសប្តាហ៍មុន។ 

កម្មករ និងអ្នកគ្រប់គ្រងបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា «នៅទីក្រុង Haiphong ដែលជាទីក្រុងឆ្នេរសមុទ្រវៀតណាមដែលមានប្រជាជនចំនួន ២ លាននាក់ ដែលមានរោងចក្រពហុជាតិសាសន៍ជាច្រើន ហើយសួនឧស្សាហកម្មនៅតែបិទកាលពីថ្ងៃអាទិត្យ»៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *