សំណុំរឿងលោក ម៉ៃ សុគន្ធ សមត្ថកិច្ចបញ្ជូនទៅតុលាការហើយ ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ ៖ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សំ វិឆ្ឆិកា បានឲ្យដឹងនៅរសៀលថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០២៤ នេះថា ដោយអនុវត្តន៍ តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ចំពោះសំណុំរឿងលោកម៉ៃសុគន្ធ ដែលគេចពីគោលដៅត្រួតពិនិត្យជាតិអាកុលរបស់មត្ថកិច្ចខណ្ឌសែនសុខ រួចបង្កគ្រោះថ្នាក់ចរាចរណ៍ ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី ៦ ខែកញ្ញានេះហើយ។

លោកវរសេនីយ៍ឯក សំ វិឆ្ឆិកា បានឲ្យដឹងទៀតថា «ពាក់ព័ន្ធនឹងការបើកបរក្នុងស្ថានភាពស្រវឹង សមត្ថកិច្ចនគរបាលយុត្តិធម៌ យើងមានសិទ្ធិអាចសួរនាំរយៈពេល៤៨ ម៉ោងដើម្បីស្រាវជ្រាវស៊ើបអង្កេតហើយយើងនឹងបញ្ជូនទៅកាន់តុលាការអនុវត្តតាមនីតិវិធី»។ ចំពោះកិច្ចការនេះ យើងត្រូវតែពង្រឹងការអនុវត្តច្បាប់ឲ្យបានច្បាស់លាស់ដើម្បីឲ្យប្រជាពរដ្ឋយើងទូទៅចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកក្នុងការ កាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ។

សូមរំលឹកថា នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១២និង១០នាទី នៅចំណុចមុខធនាគារវ៉ូរី លើមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតនៅភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងបង្កដោយរថយន្ត០១ គ្រឿង ម៉ាកឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BW-6802  បើកបរដោយឈ្មោះម៉ៃ សុគន្ធ ភេទប្រុស អាយុ៤២ ឆ្នាំ ស្នាក់នៅភូមិភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

ម៉ៃ សុគន្ធ បើកបរគេចពីគោលដៅអនុវត្ថរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិស្រវឹង នៅតាមផ្លូវសម្តេចជាស៊ីម ផ្សារបឹងបៃតង ដោយមិនព្រមចូលសហការជាមួយសមត្ថកិច្ចដើម្បីធ្វើការត្រួតពិនិត្យ ខណៈនោះអ្នកបើកបររថយន្តឡង់គ្រីស័រ បើកគេចពីគោលដៅត្រួតពិនិត្យក្នុងគោលបំណងគេចវេស ទើបសមត្ថកិច្ចនៅគោលដៅដេញពីក្រោយរថយន្តល្មើស ក្នុងទិសដៅពីលិចទៅកើត ។

រហូតដល់កន្លែងកើតហេតុខាងលើ អ្នកបើកបរល្មើសជ្រុលទៅបុក PassApp មួយគ្រឿង ដែលស្របទិសគ្នា និងជ្រុលទៅបុក PassApp មួយទៀត ដែលបើកបញ្ច្រាស់ទិសគ្នា បណ្តាលឱ្យអ្នកបើកបរ PassApp រងរបួសស្រាល០២នាក់ ។ 

បន្ទាប់មករថយន្តក៏បានជ្រុលទៅបុកថ្មចែកទ្រូងផ្លូវអស់បីកំណាត់ទៀតទើបអស់ល្បឿន។ មូលហេតុនៃការគ្រោះថ្នាក់នេះគឺអ្នកបើកបររថយន្តឡង់គ្រីស័រ (LAND CRUISER) បើកបរលឿនធ្វេសប្រហែសខ្វះការប្រយ័ត្ន និងបើកបរស្ថិតក្នុងស្ថានភាពស្រវឹងមានអត្រាជាតិអាល់កុល ០,៦០mg/Lខ្យល់៕(ដោយ សំណាង)

Leave a Reply

Your email address will not be published. Required fields are marked *