នាយកប្រតិបត្តិTelegram លោក Durov និយាយថា ការចាប់ខ្លួនគាត់ «ជាការខុសឆ្គង»

បារាំង ៖ ស្ថាបនិក និងជានាយកប្រតិបត្តិ Telegram លោក Pavel Durov បានរិះគន់អាជ្ញាធរបារាំង ដោយហៅការចាប់ខ្លួនគាត់កាលពីសប្តាហ៍មុនទាក់ទងនឹងការចោទអំពីការត្រួតពិនិត្យមិនគ្រប់គ្រាន់លើកម្មវិធីផ្ញើសារ Telegram ថា«ជាការខុសឆ្គង»។

នៅក្នុងសេចក្តីថ្លែងការណ៍ជាសាធារណៈលើកដំបូងរបស់គាត់ចាប់តាំងពីគាត់ត្រូវបានឃុំខ្លួន គាត់បានបដិសេធ ការអះអាងថា Telegram ជា «ឋានសួគ៌អនាធិបតេយ្យ» ជា «រឿងមិនពិតសុទ្ធសាធ»។

លោក Durov ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២៤ នៅអាកាសយានដ្ឋានភាគខាងជើងនៃទីក្រុងប៉ារីស ហើយចាប់តាំងពីពេលនោះមកត្រូវបានចោទប្រកាន់ពីបទជាប់សង្ស័យក្នុងការអនុញ្ញាតឱ្យមានប្រតិបត្តិការខុសច្បាប់ ការជួញដូរគ្រឿងញៀន ការក្លែងបន្លំ និងការផ្សព្វផ្សាយរូបភាពរំលោភបំពានផ្លូវភេទលើកុមារ ឱ្យរីកដុះដាលនៅលើកម្មវិធីផ្ញើសាររបស់គាត់។

នៅក្នុងសេចក្តីថ្លែងការណ៍របស់លោក Durov ដែលគាត់បានផ្សព្វផ្សាយនៅលើ Telegram គាត់បាននិយាយថាការឱ្យគាត់ទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មដែលប្រព្រឹត្តដោយភាគីទីបីនៅលើវេទិកានេះគឺជា «វិធីសាស្រ្តដ៏គួរឱ្យភ្ញាក់ផ្អើល និង ជាការខុសឆ្គង»។

មហាសេដ្ឋីមានដើមកំណើតរុស្ស៊ី ដែលជាជនជាតិបារាំង បាននិយាយថា «ប្រសិនបើប្រទេសមួយមិនសប្បាយចិត្តនឹងសេវាកម្មអ៊ីនធឺណិត ការអនុវត្តដែលបានបង្កើតឡើងគឺត្រូវចាប់ផ្តើមសកម្មភាពផ្លូវច្បាប់ប្រឆាំងនឹងសេវាកម្មខ្លួនឯង»។

«ការប្រើច្បាប់ពីសម័យមុនស្មាតហ្វូនដើម្បីចោទប្រកាន់នាយកប្រតិបត្តិម្នាក់ពីបទឧក្រិដ្ឋដែលប្រព្រឹត្តដោយភាគីទីបីនៅលើវេទិកាដែលគាត់គ្រប់គ្រងគឺជាវិធីសាស្រ្តខុសឆ្គងណាស់»។

លោកបានបន្ថែមថា «ការកសាងបច្ចេកវិជ្ជាគឺពិបាកណាស់ទៅហើយ។ គ្មានអ្នកបង្កើតថ្មីឯណាហ៊ានទៅបង្កើតឧបករណ៍ថ្មីទេ ប្រសិនបើពួកគេដឹងថាពួកគេនឹងត្រូវទទួលខុសត្រូវផ្ទាល់ចំពោះការរំលោភបំពានដែលអាចកើតចេញឧបករណ៍ទាំងនោះ»។

ខណៈគាត់ទទួលស្គាល់ថា Telegram មិនល្អឥតខ្ចោះ គាត់បាននិយាយថា អាជ្ញាធរបារាំងមានវិធីជាច្រើនក្នុងការទាក់ទងគាត់ និងជាមួយ Telegram ហើយថាកម្មវិធីនេះមានតំណាងផ្លូវការនៅក្នុងសហភាពអឺរ៉ុប។

លោកបានទទូចថា «ការអះអាងនៅក្នុងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនថា Telegram គឺជាឋានសួគ៌អនាធិបតេយ្យគឺជារឿងមិនពិតសុទ្ធសាធ។ យើងដកចេញការបង្ហោះ និងប៉ុស្តិ៍ (Channel) ដែលបង្កគ្រោះថ្នាក់រាប់លានជារៀងរាល់ថ្ងៃ»។

Telegram អនុញ្ញាតឱ្យ Group មួយមានសមាជិករហូតដល់ ២០០.០០០ នាក់ ដែលអ្នករិះគន់អះអាងថាធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់ការចែកចាយព័ត៌មានមិនពិត និងសម្រាប់អ្នកប្រើប្រាស់ក្នុងការចែករំលែកមាតិកាដែលឃុបឃិតគ្នា ដែលមានលក្ខណៈណាស៊ីនិយម ឬដែលទាក់ទងនឹងភេរវកម្ម៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *