អាមេរិក ៖ អាជ្ញាធរបាននិយាយថា សិស្សអាយុ ១៤ ឆ្នាំម្នាក់បានបាញ់សិស្ស ២ នាក់ និងគ្រូបង្រៀន ២ នាក់ស្លាប់ខណៈរបួសមនុស្ស ៩ នាក់ផ្សេងទៀតនៅក្នុងការបាញ់ប្រហារនៅវិទ្យាល័យមួយនៅរដ្ឋ Georgia កាលពីថ្ងៃពុធ ទី ៤ខែកញ្ញាឆ្នាំ២០២៤ គឺតែប៉ុន្មានសប្តាហ៍បន្ទាប់ពីសាលាចាប់ផ្តើមបវេសនកាលថ្មី។
ការបាញ់ប្រហារនេះ គឺជាលើកទីមួយនៃឆ្នាំសិក្សាថ្មីនៅសហរដ្ឋអាមេរិក ដែលជាការរំលឹកយ៉ាងច្បាស់ពីការគំរាមកំហែងនៃអំពើហិង្សាដោយកាំភ្លើងនៅក្នុងសាលារៀន និង មហាវិទ្យាល័យនៅទូទាំងប្រទេស។
ក្រុមអ្នកស៊ើបអង្កេតបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ការបាញ់ប្រហារនេះបានបណ្តាលឱ្យមនុស្ស៤នាក់ស្លាប់នៅវិទ្យាល័យ Apalachee ក្នុងទីក្រុង Winder រដ្ឋ Georgia ហើយមនុស្ស ៩ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជាមួយនឹងរបួសផ្សេងៗពីគ្រាប់កាំភ្លើង។
លោក Chris Hosey នាយកការិយាល័យស៊ើបអង្កេតរដ្ឋ Georgia បាននិយាយថា ជនសង្ស័យ ដែលគេកំណត់អត្តសញ្ញាណថា Colt Gray អាយុ ១៤ ឆ្នាំ ជាសិស្សនៅសាលានោះត្រូវបានឃុំខ្លួនហើយ នឹងត្រូវចោទប្រកាន់ និងកាត់ទោសដូចជាមនុស្សពេញវ័យដែរ។
ជនសង្ស័យកំពុងនិយាយជាមួយក្រុមស៊ើបអង្កេត ប៉ុន្តែពួកគេបដិសេធមិននិយាយថាតើអ្វីដែលជំរុញឱ្យរូបគេបាញ់ប្រហារ។ ពួកគេក៏មិនបាននិយាយនោះដែរថាតើកាំភ្លើងប្រភេទណាត្រូវបានប្រើក្នុងការបាញ់ប្រហារនោះ។
តម្រួត Jud Smith បាននិយាយក្នុងសន្និសីទសារព័ត៌មានខ្លីមួយនៅបរិវេណសាលាថា «អ្វីដែលយើងបានឃើញនៅពីក្រោយពួកយើងគឺជារឿងអាក្រក់នៅថ្ងៃនេះ»។
លោក Smith បាននិយាយថា កូនចៅរបស់គាត់បានឆ្លើយតបយ៉ាងរហ័សចំពោះការបាញ់ប្រហារនេះ បន្ទាប់ពីនាយកដ្ឋានតម្រួតបានទទួលសេចក្តីរាយការណ៍អំពីអ្នកបាញ់ប្រហារសកម្មម្នាក់នៅម៉ោងប្រហែល១០និង២០នាទីព្រឹកម៉ោងក្នុងស្រុក៕(ប្រែសម្រួលដោយ លោកសំណាង)