អ្នកនាំពាក្យរបស់មូលនិធិជនពិការ ចេញសេចក្ដីប្រកាសព័ត៌មាន រឿង «មូលនិធិជនពិការ»

ភ្នំពេញ ៖ ក្រុមការងារអ្នកនាំពាក្យរបស់មូលនិធិជនពិការ មានកិត្តិយសសូមជម្រាបជូនសាធារណៈជនទាំង អស់មេត្តាជ្រាបថា កន្លងមកនេះមានការភាន់ច្រឡំពីសំណាក់សាធារណៈជនលើសកម្មភាពរបស់បុគ្គលឯកជន មួយចំនួនដើររៃអង្គាសថវិកានៅតាមស្តុប ផ្សារ តំបន់ទេសចរណ៍ និងទីកន្លែងសាធារណៈនានា ដោយបាន ប្រើប្រាស់ឈ្មោះ«មូលនិធិជនពិការ» ដាក់នៅលើហិបរៃអង្គាសថវិការបស់ខ្លួន។ 

អ្នកនាំពាក្យបន្តថា មូលនិធិជនពិការ គឺជាគ្រឹះស្ថាន សាធារណៈរដ្ឋបាលរបស់រដ្ឋ គឺមិនមានកម្មវិធីដើរចល័តរៃអង្គាសថវិកានៅតាមទីតាំងខាងលើទេ ដែលនេះវាធ្វើ ឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។ 

អ្នកនាំពាក្យបន្តថា មូលនិធិជនពិការ មានភារកិច្ចក្នុងការកៀរគរថវិកាសម្រាប់យកមក ជួយដល់ជនមានពិការភាពក្រីក្រតាមរយៈការដាក់ហិបប្រាក់វិភាគទានសប្បុរសធម៌មូលនិធិជនពិការដែលមាន ឈ្មោះ និងរូបសញ្ញារបស់មូលនិធិជនពិការនៅលើហិបទាំងនោះ ស្របតាមបែបបទ និងនីតិវិធីដែលមានចែង។ 

ការដាក់ហិបប្រាក់វិភាគទានសប្បុរសធម៌នេះ គឺមូលនិធិជនពិការបានដាក់នៅតាមវត្តអារាម ទីសក្ការៈបូជា ផ្សាររមណីយដ្ឋាន ភោជនីយដ្ឋាន ធនាគារ សណ្ឋាគារ កាស៊ីណូ និងរោងចក្រ។ មូលនិធិជនពិការ សូមអំពាវនាវដល់បុគ្គលឯកជនដែលដើររៃអង្គាសថវិកានៅតាមស្តុប និងទីកន្លែងសាធារណៈផ្សេងៗ ត្រូវបញ្ឈប់ការប្រើប្រាស់ឈ្មោះ«មូលនិធិជនពិការ» នៅលើហិប ឬផ្ទាំងបដាផ្សេងៗរបស់ខ្លួន។ 

ជាមួយគ្នានេះ មូលនិធិជនពិការសូមស្នើដល់អាជ្ញាធរមានសមត្ថកិច្ចមេត្តាជួយអន្តរាគមន៍ និងចាត់វិធានការតាមផ្លូវច្បាប់ក្នុងករណីឃើញមានក្រុមណាមួយប្រើប្រាស់ឈ្មោះ «មូលនិធិជនពិការ» ដើររៃអង្គាសថវិកានៅតាមស្តុប ឬផ្លូវចរាចរណ៍សាធារណៈនានា ដើម្បីជៀសវាងការភាន់ច្រឡំ និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់មូលនិធិជនពិការ៕(ដោយ សំណាង)

Leave a Reply

Your email address will not be published. Required fields are marked *