បាត់បង់ជីវិត៥០ នាក់ និងរបួស២៧១ នាក់ក្នុងការវាយប្រហាររបស់រុស្ស៊ីលើវិទ្យាស្ថានយោធាអ៊ុយក្រែន

បរទេស ៖ យ៉ាងហោចណាស់មនុស្ស ៥០នាក់បានបាត់បង់ជីវិត និង ២៧១នាក់បានរងរបួស នៅពេលដែលរុស្ស៊ីបានវាយប្រហារវិទ្យាស្ថានយោធាមួយនៅក្នុងទីក្រុង Poltava ភាគកណ្តាលរបស់អ៊ុយក្រែនជាមួយនឹងមីស៊ីលផ្លោងចំនួន២ គ្រាប់កាលពីថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០២៤ដែលជាការវាយប្រហារសម្លាប់មនុស្សច្រើនបំផុតក្នុងសង្រ្គាមក្នុងឆ្នាំនេះ។

រូបថតដែលបានបង្ហោះនៅលើបណ្តាញសង្គមបានបង្ហាញសាកសពបុរសវ័យក្មេងជាច្រើននាក់នៅលើដីប្រឡាក់ដោយធូលី និងកម្ទេចកម្ទី ជាមួយនឹងផ្នែកដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរនៃអគារដ៏ធំនៅពីក្រោយពួកគេ។ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ​មិន​អាច​ផ្ទៀងផ្ទាត់​រូបភាព​ទាំង​នោះ​បាន​ភ្លាមៗ​ទេ។

ប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយនៅលើកម្មវិធីផ្ញើសារ Telegram ថា «ពួករុស្ស៊ីពិតជានឹងត្រូវចាប់ឱ្យទទួលខុសត្រូវចំពោះការវាយប្រហារនេះ»។

លោក​បាន​បញ្ជា​ឱ្យ​មាន​ការ​ស៊ើបអង្កេត​ភ្លាមៗ ដោយ​និយាយ​ថា​«ការ​វាយ​ប្រហារ​បាន​បំផ្លាញ​អគារ​វិទ្យាស្ថាន​ទំនាក់ទំនង​យោធា»។

នៅក្នុងសុន្ទរកថាជាវីដេអូពេលយប់របស់គាត់ដែលបានចែកចាយនៅពេលល្ងាច លោកហ្សេលេនស្គីបានដាក់ចំនួនអ្នកស្លាប់ ៥១ នាក់។

លោក​បាន​ថ្លែង​ថា​ «គេ​បានដឹង​ថា​មាន​មនុស្ស​នៅ​ក្រោម​គំនរ​បាក់បែក​នៃ​អគារ​ដែល​ត្រូវ​បាន​បំផ្លាញ​នោះ។ អ្វីៗ​កំពុង​ត្រូវ​បាន​ធ្វើ​ឡើងដើម្បី​សង្គ្រោះ​ជីវិត​ឱ្យបាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន»។

សេវាសង្គ្រោះបន្ទាន់បានដាក់ចំនួនអ្នកស្លាប់ ៥០ នាក់។ អភិបាលតំបន់ Poltava លោក Filip Pronin បាននិយាយថា«មនុស្ស ១៥ នាក់ប្រហែលកំពុងស្ថិតនៅក្រោមគំនរបាក់បែក»៕(ប្រែសម្រួលដោយ​ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *