ទំនាក់ទំនងឥណ្ឌា-បង់ក្លាដែស​ ស្ថិតក្រោមសម្ពាធចំពេលមានការអំពាវនាវឲ្យរដ្ឋាភិបាលក្រុងដេល្លីធ្វើបត្យាប័នអតីតនាយករដ្ឋមន្ត្រី Hasina

បរទេស ៖ អស់ជាង ១០ ឆ្នាំមកនេះ បង់ក្លាដែសគឺជាទីកន្លែងភ្លឺស្វាងបំផុតនៅក្នុងកិច្ចខិតខំប្រឹងប្រែងការទូតក្នុងតំបន់របស់ឥណ្ឌា។

រដ្ឋាភិបាលក្រុងដាក្កានៅតែជាដៃគូដ៏រឹងមាំមួយសម្រាប់រដ្ឋាភិបាលក្រុងញូវដេល្លី ខណៈខ្លួនរក្សាទំនាក់ទំនងជាមួយប្រទេសជិតខាងយ៉ាងប្រុងប្រយ័ត្ន ចំពេលមានការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្រុងប៉េកាំង ក្នុងការរំកិលចូលមកក្នុងតំបន់អាស៊ីខាងត្បូង។

ទោះយ៉ាងណា ភាពចលាចលនយោបាយក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះនៅក្នុងប្រទេសបង់ក្លាដែស ដែលនាំទៅដល់ការបណ្តេញអតីតនាយករដ្ឋមន្ត្រី Sheikh Hasina បានធ្វើឱ្យទំនាក់ទំនងទ្វេភាគី មានភាពតានតឹង។

ក្នុងអំឡុងពេលកាន់តំណែងរបស់លោកស្រី Hasina បង់ក្លាដែសបានភ្ជាប់ទំនាក់ទំនងជាមួយចិន ប៉ុន្តែបានរក្សាភាពជិតស្និទ្ធជាមួយឥណ្ឌា ដោយក្លាយជាសម្ព័ន្ធមិត្តដ៏រឹងមាំបំផុតរបស់រដ្ឋាភិបាលក្រុងញូវដេល្លី។

ឥណ្ឌាបានតបស្នងវិញដោយរីករាយ ហើយលោកស្រី Hasina គឺជាភ្ញៀវរដ្ឋដំបូងគេរបស់នាយករដ្ឋមន្ត្រីឥណ្ឌាNarendra Modi នៅពេលគាត់ចាប់ផ្តើមកាន់តំណែងអាណត្តិទីបីរបស់គាត់កាលពីខែមិថុនាឆ្នាំនេះ។

លោកស្រី Hasina បានភៀសខ្លួនចេញពីប្រទេសបង់ក្លាដែសកាលពីថ្ងៃទី ៥ ខែសីហា ឆ្នាំ២០២៤ បន្ទាប់ពីបដិវត្តន៍ដឹកនាំដោយនិស្សិតដែលបានចាប់ផ្តើមជាការតវ៉ាមួយខែពេញប្រឆាំងនឹងកូតាការងារ ហើយបានក្លាយទៅជាចលនាទាមទារឱ្យលោកស្រីចុះចេញពីតំណែង។

ក្រុមអ្នករិះគន់អតីតមេដឹកនាំវ័យ ៧៦ ឆ្នាំរូបនេះបានចោទប្រកាន់រដ្ឋាភិបាលក្រុងញូវដែល្លី ជាយូរណាស់មកហើយថាបានជួយទ្រទ្រង់ដល់របបពុករលួយ និងគ្មានលទ្ធិប្រជាធិបតេយ្យនេះ។

ឥណ្ឌាបានបដិសេធការចោទប្រកាន់នេះ ប៉ុន្តែការអះអាងនេះកាន់តែក្លាយជាការពិតនៅពេលដែលរដ្ឋាភិបាលក្រុងញូវដែល្លី ផ្តល់ជម្រកដល់លោកស្រី Hasina បន្ទាប់ពីការបណ្តេញលោកស្រីចេញ។

អ្នកជំនាញបាននិយាយថា វត្តមានរបស់អតីតនាយករដ្ឋមន្ត្រីនៅក្នុងប្រទេសឥណ្ឌានឹងធ្វើឱ្យការចូលរួមជាមួយនឹងថ្នាក់ដឹកនាំថ្មីរបស់បង់ក្លាដែស កាន់តែលំបាកសម្រាប់រដ្ឋាភិបាលក្រុងញូវដេល្លី៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *