បរទេស ៖ ការតវ៉ាបានអង្រួនប្រទេសអ៊ីស្រាអែលកាលពីថ្ងៃអាទិត្យ ទី១ ខែកញ្ញា ឆ្នាំ២០២៤បន្ទាប់ពីការស្លាប់របស់ចំណាប់ខ្មាំងប្រាំមួយនាក់នៅហ្គាហ្សា ខណៈដែលការខកចិត្តបានកើតឡើងជាមួយនឹងថ្នាក់ដឹកនាំរបស់ប្រទេសចំពោះបរាជ័យក្នុងការទទួលបានកិច្ចព្រមព្រៀងបទឈប់បាញ់ដែលអាចនឹងរំដោះចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែល។
ហ្វូងមនុស្ស ដែលប៉ាន់ប្រមាណដោយប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអែលថា មានចំនួនរហូតដល់ ៥០០.០០០ នាក់ដែលធ្វើបាតុកម្មនៅទីក្រុង Jerusalem ទីក្រុង Tel Aviv និងទីក្រុងដទៃទៀត ដោយទាមទារឱ្យនាយករដ្ឋមន្ត្រីBenjamin Netanyahu ប្រឹងប្រែងបន្ថែមទៀតដើម្បីនាំយកចំណាប់ខ្មាំងចំនួន ១០១ នាក់មកផ្ទះវិញ ដែលប្រហែលមួយភាគបីនៃពួកគេ ត្រូវមន្ត្រីអ៊ីស្រាអែលប៉ាន់ស្មានថា«បានស្លាប់»។
នៅក្រុង Jerusalem ក្រុមបាតុករបានបិទផ្លូវ និងធ្វើបាតុកម្មនៅខាងក្រៅលំនៅឋានរបស់នាយករដ្ឋមន្ត្រី។ ចំណែករូបភាពពីលើអាកាសបានបង្ហាញផ្លូវហាយវេដ៏សំខាន់របស់ទីក្រុង Tel Aviv ពោរពេញទៅដោយក្រុមអ្នកតវ៉ាកាន់ទង់ជាតិជាមួយនឹងរូបភាពនៃចំណាប់ខ្មាំងដែលត្រូវបានសម្លាប់។
វីដេអូទូរទស្សន៍អ៊ីស្រាអែលបានបង្ហាញប៉ូលិសបែរកាណុងបាញ់ទឹកដាក់បាតុករដែលបានបិទផ្លូវ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថាមានការចាប់ខ្លួនមនុស្ស ២៩នាក់។ មេៗសហជីពការងារបានជំរុញឲ្យកម្មករនិយោជិតធ្វើកូដកម្មទូទៅមួយថ្ងៃនៅថ្ងៃចន្ទនេះ។
យោធាអ៊ីស្រាអែលបានប្រកាសពីការទាញសាកសពចេញពីផ្លូវរូងក្រោមដីក្នុងទីក្រុង Rafah ភាគខាងត្បូងហ្គាហ្សាខណៈយុទ្ធនាការចាក់វ៉ាក់សាំងជំងឺស្វិតដៃជើងបានចាប់ផ្តើមនៅក្នុងដែនដីប៉ាឡេស្ទីនដែលបែកបាក់ដោយសង្រ្គាមហើយអំពើហិង្សាបានឆាបឆេះនៅតំបន់កាប់កាប់ West Bank។
អ្នកនាំពាក្យយោធា ឧត្តមនាវីទោ Daniel Hagari បានប្រាប់អ្នកយកព័ត៌មានថា «សាកសពចំណាប់ខ្មាំងឈ្មោះCarmel Gat, Hersh Goldberg-Polin, Eden Yerushalmi, Alexander Lobanov, Almog Sarusi និងOri Danino ត្រូវបានបញ្ជូនទៅកាន់ប្រទេសអ៊ីស្រាអែលវិញហើយ»៕(ប្រែសម្រួលដោយ លោកសំណាង)