បរទេស ៖ ប្រភពយោធាអ៊ុយក្រែនបានប្រាប់ BBC ថា យន្តហោះចម្បាំង F-16 មួយក្នុងចំណោមយន្តហោះចម្បាំងF-16 ជាច្រើនគ្រឿងដែលបានបញ្ជូនពីសម្ព័ន្ធមិត្តណាតូទៅកាន់អ៊ុយក្រែន ត្រូវបានបំផ្លាញ។
យោធាអ៊ុយក្រែនបាននិយាយថា យន្តហោះនេះបានធ្លាក់ចំពេលមានការបាញ់ស្រោចមីស៊ីលរបស់រុស្ស៊ីកាលពីថ្ងៃចន្ទបណ្តាលឱ្យអ្នកបើកយន្តហោះឈ្មោះ Oleksiy Mesបាត់បង់ជីវិត ។ វាជាការបាត់បង់លើកដំបូងនៃប្រភេទយន្តហោះនេះ ចាប់តាំងពីវាត្រូវបានបញ្ជូនមកនៅដើមខែនេះ។
យោធាអ៊ុយក្រែនអះអាងថា មូលហេតុនៃការធ្លាក់មិនមែនជាលទ្ធផលផ្ទាល់នៃការវាយប្រហារដោយមីស៊ីលរបស់សត្រូវនោះទេ។
យោធាបាននិយាយទៀតថា អ្នកបើកយន្តហោះបានបំផ្លាញមីស៊ីលបញ្ជាទិសចំនួនបី និងដ្រូនមួយគ្រឿងនៅក្នុងការវាយប្រហារតាមអាកាសដ៏ធំបំផុតរបស់រុស្ស៊ីរហូតមកដល់បច្ចុប្បន្ន។
កងទ័ពអាកាសអ៊ុយក្រែនបានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញសង្គមថា «លោក Oleksiy បានជួយសង្គ្រោះប្រជាជនអ៊ុយក្រែនពីកាំជ្រួចរុស្ស៊ីដ៏សាហាវ។ ជាអកុសលគាត់បានបាត់បង់ជីវិត»៕(ប្រែសម្រួលដោយ លោកសំណាង)