មន្ត្រីចិន និងអាមេរិកពិភាក្សាអំពីការចរចាជុំទី២ រវាងបៃដិន និង ស៊ី

បរទេស ៖ ប្រទេសទាំងពីរបាននិយាយកាលពីថ្ងៃពុធ ទី២៨ សីហា ឆ្នាំ២០២៤ក្នុងអំឡុងកិច្ចប្រជុំកម្រិតខ្ពស់នៅទីក្រុងប៉េកាំងថា មន្ត្រីជាន់ខ្ពស់ចិន និងអាមេរិកបានពិភាក្សាគ្នាអំពីការរៀបចំកិច្ចចរចាថ្មីរវាងប្រធានាធិបតី ចូ បៃដិន និង ស៊ី​ ជីនពីង នាពេលខាងមុខ។

ការពិភាក្សានេះបានកើតឡើងក្នុងអំឡុងកិច្ចពិភាក្សាដ៏យូររវាងអ្នកការទូតកំពូលរបស់ចិន លោក វ៉ាង យី និងទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan ដែលធ្វើឡើងក្នុងពេលកំពុងមានការខ្វែងគំនិតគ្នាយ៉ាងខ្លាំងរវាងប្រទេសមហាអំណាចទាំងពីរ និងការប្រជែងការបោះឆ្នោតអាមេរិកឆ្នាំ ២០២៤ ដើម្បីជំនួសលោកបៃដិន។

ភាគីទាំងពីរក៏បានយល់ព្រមធ្វើការហៅជាវីដេអូរវាងមេបញ្ជាការយោធារបស់ពួកគេដែលទទួលខុសត្រូវចំពោះចំណុចក្តៅនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក «ក្នុងពេលវេលាសមស្រប»។នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ចិនពីកិច្ចប្រជុំ ជាចំណាត់ការដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនសង្ឃឹមថាអាចទប់ស្កាត់ជម្លោះនៅក្នុងតំបន់ ដូចជាច្រកសមុទ្រតៃវ៉ាន់ ជាដើម។

ចំណែកសេតវិមាន​បាន​និយាយ​ថា​ កិច្ច​ពិភាក្សា​នេះនឹង​កើត​ឡើង​ក្នុង​ «ពេល​អនាគត​ដ៏​ខ្លី»។

លោកវ៉ាងបានប្រាប់លោក Sullivan ថា «គន្លឹះនៃការអភិវឌ្ឍដោយរលូននៃអន្តរកម្មរវាងចិន និងសហរដ្ឋអាមេរិក គឺស្ថិតនៅលើការរាប់អានគ្នាដោយស្មើភាព»។នេះបើយោងតាមទូរទស្សន៍រដ្ឋ CCTV ។

សេតវិមានបាននិយាយថា «ភាគីទាំងពីរបានពិភាក្សាយ៉ាងច្បាស់លាស់ ជាក់ស្តែង និងស្ថាបនាលើបញ្ហាទ្វេភាគី តំបន់និងពិភពលោក»។

សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងបន្ទាប់ពីកិច្ចពិភាក្សាថ្ងៃទី ២ របស់លោក Sullivan ជាមួយលោកវ៉ាង និងមន្ត្រីដទៃទៀត ក្នុងគោលបំណងបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសមហាអំណាចទាំងពីរនៅមុនការបោះឆ្នោតនៅសហរដ្ឋអាមេរិកថ្ងៃទី ៥ ខែវិច្ឆិកាឆ្នាំ២០២៤។

ជំនួបរវាងភាគីទាំងពីរនឹងអូសបន្លាយរហូតដល់ថ្ងៃព្រហស្បតិ៍ ហើយត្រូវគេរំពឹងថានឹងគ្របដណ្តប់លើវិស័យជាច្រើនដែលប្រទេសទាំងពីរមានជម្លោះ រួមមានពាណិជ្ជកម្ម មជ្ឈិមបូព៌ា សង្រ្គាមនៅអ៊ុយក្រែន និងការទាមទារទឹកដីរបស់ចិនពីតៃវ៉ាន់រហូតដល់បញ្ហាសមុទ្រចិនខាងត្បូង។

លោកវ៉ាង យី បានប្រាប់លោក Sullivan ថា សហរដ្ឋអាមេរិកគួរតែ «បញ្ឈប់ការផ្តល់អាវុធដល់តៃវ៉ាន់ និងគាំទ្រការបង្រួបបង្រួមដោយសន្តិវិធីនៃប្រទេសចិន» ដោយបន្ថែមថា «តៃវ៉ាន់ជាកម្មសិទ្ធិរបស់ចិន ហើយថា “ឯករាជ្យភាពតៃវ៉ាន់” គឺជាហានិភ័យដ៏ធំបំផុតចំពោះសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់»៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *